ភ្នំពេញ៖ នាថ្ងៃទី២៤ ខែឧសភា កិច្ចប្រជុំរវាងគណៈប្រតិភូយុវជន នៃស្ថាប័ននីតិបញ្ញត្តិចិននិងកម្ពុជា ត្រូវបានរៀបចំយ៉ាងជោគជ័យ ដោយសភាប្រជាជនទូទាំងប្រទេសចិន និងរដ្ឋសភាកម្ពុជាដោយតាមរយៈប្រព័ន្ធ Video Conference និងព្រមទាំងក្រោមអធិបតីភាពលោកជំទាវ Wang Hongyan សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនទូទាំងប្រទេសចិន និងជាប្រធានសហព័ន្ធយុវជនទូទាំងប្រទេសចិន និងលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់គ្នា យ៉ាងស៊ីជម្រៅក្រោមប្រធានបទដូចជា បន្តរក្សាចំណងមិត្តភាពជាប្រពៃណី ពង្រឹងទំនាក់ទំនងយុវជន កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាលើការទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ ហើយក៏សម្រេចបាននូវកុងសុងស៊ីសយ៉ាង ទូលំទូលាយក្នុងការជំរុញកិច្ច កសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា។

កិច្ចប្រជុំខាងលើនេះ គឺជាការចូលរួម និងជំរុញទៅវិញទៅមក ដ៏សំខាន់មួយរវាងសភាទាំងពីរ ក្រោយពីបានបញ្ចប់ជំនួបតាមរយៈ Video Conference រវាងឯកឧត្តម Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍ នៃសភាប្រជាជនទូទាំងប្រទេសចិន និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាកាលពីខែមករា ឆ្នាំ២០២១កន្លងមកនេះ។ នេះបានជួយបញ្ចូលនូវ កម្លាំងជំរុញថ្មីមួយទៀតសម្រាប់ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយុជនប្រទេសទាំងពីរ ៕

