ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ បញ្ជាអាជ្ញាធរខណ្ឌ ពង្រឹងវិធានការ ឲ្យម៉ឺងម៉ាត់ ក្រោយទីតាំងមួយចំនួន ផ្ទុះជំងឺកូវីដ១៩ ឡើងវិញ

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការ បញ្ជូនរូបភាព និងសំឡេង (Video Conference) ជាមួយអភិបាលខណ្ឌទាំង១៤ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានបញ្ជានិងជំរុញ ឲ្យអាជ្ញាធរខណ្ឌ ដែលក្នុងមូលដ្ឋានរបស់ខ្លួន មានតំបន់បិទខ្ទប់ (តំបន់លឿងទុំ) និងមានផ្សារ ត្រូវការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវី១៩ ពីតំបន់មួយទៅតំបន់មួយទៀត ខណៈខណ្ឌមួយចំនួន បាននិងផ្ទុះឡើង ជំងឺកូវីដឡើងវិញ ។

ក្នុងកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងថា ខណ្ឌមួយចំនួនកំពុងប្រឈម ការបិទខ្ទប់ផ្នែកខ្លះ ដែលមានការពាក់ព័ន្ធការផ្ទុះឡើងជំងឺកូវីដ១៩ ជាថ្មីឡើងវិញ។ តំបន់ផ្ទុះឡើងវិញជំងឺកូវីដ១៩ មានមួយផ្នែកខ្លះ នៃខណ្ឌសែនសុខ , សហគមន៍ AB ភូមិផ្សារតូច ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ , ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងភូមិឬស្សី ឬស្សីទី២ ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

លោក ឃួង ស្រេង បានលើកឡើងថា ចំពោះតំបន់លឿង រដ្ឋបាលរាជធានីភ្នំពេញ បើកឲ្យដំណើរការជាធម្មតា មិនធ្វើការហាមប្រាមនោះទេ តែអ្វីដែលហាមប្រាម គឺតំបន់មានហានិភ័យខ្ពស់ នៃការឆ្លងកូវីដ១៩ ដូចបានកំណត់ ក្នុងទីតាំងខ្លះៗក្នុងខណ្ឌខាងលើ។

អភិបាលរាជធានីភ្នំពេញបន្តថា ទីតាំងតំបន់លឿងទុំ បាននិងកំពុងបិទខ្ទប់ អាជ្ញាធរខណ្ឌពាក់ព័ន្ធត្រូវតែ គ្រប់គ្រងឲ្យបានហ្មត់ចត់បំផុត មិនឲ្យមានការចេញ ចូលដាច់ខាត ដើម្បីបង្ការនិងទប់ស្កាត់ ការរីករាលដាលជំងឺកូវី១៩ ពីតំបន់មួយទៅតំបន់មួយទៀត ។

លោកក៏បានជម្រុញ ឲ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះពិនិត្យ ស្ថានភាពនៅតាមផ្សារនានា ក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ និងធ្វើរបាយការណ៍ ពីវឌ្ឍនភាពផ្សារនីមួយៗផងដែរ ។

លោកថា ការបើកផ្សារឡើងវិញនេះ គឺពិតជាមានហានិភ័យខ្ពស់ ចំពោះការឆ្លង រីករាលដាលជំងឺកូវី១៩ ដូច្នេះទាំងខណ្ឌ ទាំងគណៈកម្មការផ្សារ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ជុំវិញវិធានការការពារ ដោយត្រូវផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋ អាជីវករ អនុវត្តវិធាន របស់ក្រសួងសុខាភិបាល ជាប់ជានិច្ច ៕

To Top