ព័ត៌មានជាតិ

ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក ចុះសួរសុខទុក្ខនិង ផ្តល់ជាកញ្ចប់សប្បុរសធម៏ ជូនដល់ក្រុមគ្រួសារ ដែលស្ថិតនៅតំបន់ក្រហមនិង តំបន់លឿងទុំ

ភ្នំពេញ៖ លោកស្រី លី ស្រីអូន ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក ក្នុងឆ្នាំ ២០២១ បានដឹកនាំក្រុមប្រឹក្សាភិបាលនិងសមាជិក ចុះទៅសួរសុខទុក្ខនិង ផ្តល់ជាកញ្ចប់សប្បុរសធម៏ ជូនដល់ក្រុមគ្រួសារ ដែលទទួលរងនូវផលប៉ះពាល់ ក្នុងកំឡុងពេលរីករាលដាល នៃជម្ងឺកូវិដ ១៩ ដែលស្ថិតនៅតំបន់ក្រហម(ភូមិពាមរាំងលើ) និង តំបន់លឿងទុំ(ភូមិព្រែកតាទួន) ក្នុងឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី ៣០ ឧសភា ២០២១។

លោកស្រី ទុន លក្ខិណា ដែលជាស្ថាបនិកសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក សូមថ្លែងអំណរគុណដល់លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈភិបាលស្រុកលើកដែក ដែលបាន អនុញ្ញាតិអោយ សភាយុវពានិជ្ជករអន្តរជាតិកម្ពុជា បានចូលរួមសហការ ណ៏ក្នុងការចែករំលែកនូវកញ្ចប់សប្បុរសធម៍នេះ ជូនដល់ប្រជាពលរដ្ឋដែលកំពុងតែជួបផលលំបាក ក្នុងកាលៈទេសៈនេះសរុប ចំនួន ៣២១ គ្រួសារ (អំណោយដែលបានចូលរួមពី សភាយុវពានិជ្ជករអន្តរជាតិ រួមមាន អង្ករ ៤៣០០គីឡូក្រាម មីជាតិ ១៣០កេះ ត្រីខ ២៦០យួរ ម៉ាស់ ១៣០ប្រអប់តូច សាប៊ូ ៥២០ដុំ អាល់កុល ១៣០លីត្រ) ដែល កាលៈទេសៈនេះគឺស្របនិងពេលវេលា ដែលសភាយុវពានិជ្ជករអន្តរជាតិកម្ពុជាកំពុងអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងវីរុស កូវីដ-១៩ (Covid-19 )តាមរយៈគម្រោង “កញ្ចប់១ ក្តីស្រលាញ់១” ។

ជាចុងបញ្ចប់លោកស្រី លី ស្រីអូន ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាទួលគោកក្នុងឆ្នាំ ២០២១ សូមថ្លែងអំណរគុណដល់ លោក លី ឧត្តម អនុប្រធានផ្នែកធុរកិច្ចនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២១ បានផ្តល់កិត្តិយសមកចូលរួមគាំទ្រនូវសកម្មភាពនេះ ដែលជាគម្រោង របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងអនុវត្តគម្រោងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាទួលគោក ក្រោមការសំរបសំរួលពី អគ្គិសនីក្អមសំណរដែលប្រចាំនៅទីតាំងនោះផ្ទាល់។ លោកស្រីសូមកោតសសើរដល់ បងៗដែលជាកងកំលាំងការពារ ប៉ូលីស ទាហាន និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ក្រុមការងារមកពី គ្រប់ស្ថាប័ន និងគ្រប់លំដាប់ថ្នាក់ និង ក្រុមការងារ ស.ស.យ.ក ដែលបានលះបង់និងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តយ៉ាងហ្មត់ចត់និងម៉ឺងម៉ាត់ក្នុងកាលៈទេសដ៏លំបាកនេះ ហើយសង្ឃឹមថាប្រទេសយើងនឹងឆ្លងផុតកាលៈទេសៈ ដ៏លំបាកនេះក្នុងពេលឆាប់ៗ។

ក្នុងនាមខ្ញុំជំនួសអោយប្រជាជនដែលកំពុងរងគ្រោះទាំងអស់ សូមសំដែងនូវការកោតសរសើរ ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ដែលមានចិត្តសប្បុរសធម៌ បាន បរិច្ចាកនូវថវិកានិងសម្ភារៈ និងជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Firetree Asia Foundation Limited ដែលបានឧបត្ថម្ភធំសំរាប់គម្រោងនេះ ។

បងប្អូនទាំងអស់គ្នា សុទ្ធសឹងតែជា វីរជនដ៏ពិតប្រាកដ និងជាបុគ្គលគំរូនៃសង្គមរបស់យើង ក្នុងការចូលរួមចែករំលែកទុក្ខលំបាកប្រជាជន ដែលកំពុងជួបផលលំបាកកាយវិការនិងទឹកចិត្ត ដ៏សប្បុរសនេះគឺឆ្លុះបញ្ចាំងពីគុណធ៌ម ការចេះ ជួយគ្នាក្នុងគ្រាលំបាកនិងត្រូវបាន ប្រជាពលរដ្ឋទាំងអស់ចងចាំទុកក្នុងដួងចិត្ត នៃការសាមគ្គីភាពរបស់ជាតិខ្មែរ យើងដើម្បីជាការផ្ដល់កម្លាំងចិត្ត ថវិការ និង សម្ភារៈ ប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ កូវីដ១៩។

សូមប្រសិទ្ធពរជ័យសិរីសួស្តីបវរមហាប្រសើរ និងសូមជូនពរ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសុខសុភមង្គលក្នុងក្រុមគ្រួសារជានិច្ចនិរន្ត និងសូមឲ្យ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងក្រុមគ្រួសារទាំងអស់ បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមបន្តអនុវត្តនូវវិធានការណ៍ ៣កុំ និង ៣ការពារទាំងអស់គ្នា ទោះបីជាយើងទាំងអស់បានទទួលវ៉ាក់សាំងរួចហើយក៏ដោយ៕

To Top