ភ្នំពេញ ៖ ការឈប់ធ្វើ ជាប្រធានប្រតិបត្តិ នៃចលនាយុវជន អតីតបក្សសង្រ្គោះជាតិ នៅកូរ៉េខាងត្បូងរបស់លោក យឹម ស៊ីណន ដោយសារតែ ការចប់អាណត្តិ ក្រោយលោកបានកាន់ រយៈពេល២អាណត្តិ(៤ឆ្នាំ)មកនេះ ។ នេះបើតាម ការបង្ហាញក្នុងហ្វេសប៊ុកផ្ទាល់ ខ្លួនលោក នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។

បើតាមហ្វេសប៊ុករបស់លោក មិនបានបញ្ជាក់ថា ក្រោយចប់អាណត្តិនេះ លោកនឹងទៅធ្វើអី្វ ឬកាន់ការងារអ្វីនោះទេ។ គ្រាន់តែលោកអះអាងថា ចាប់ពីពេលនេះតទៅ លោកនឹងក្លាយជាពលរដ្ឋធម្មតាដូចគេដូចឯង លែងជាប់ពាក់ពន្ធ័នឹងក្រុម , ចលនា ឬបក្សនយោបាយណាមួយហើយ។ លោកអាចក្លាយជាប្តីដែលលែងផ្តល់ភាពភ័យខ្លាចឲ្យប្រពន្ធ , អាចក្លាយជាឪពុកដែលអាចរស់នៅជុំគ្នា និងផ្តល់ភាពកក់ក្តៅដល់កូនៗ , អាចក្លាយជាមិត្តភក្តិដែលអាចដើរហើរ ឬអង្គុយជួបជុំដោយមិនបង្កើតភាពរើសអើងដល់មិត្តភក្តិទាំងអស់ដែលបានស្គាល់។

លោកបន្តថា “ការចប់អាណត្តិជាប្រធានប្រតិបត្តិ នៃចលនាយុវជន បក្សសង្រ្គោះជាតិ នៅកូរ៉េខាងត្បូងនេះ ពេលវេលាពិតជាលឿនមែនទែន ធ្មេចបើកៗ២អាណត្តិ(៤ឆ្នាំ) នៃការដឹកនាំចលនាយុវជន នៅកូរ៉េ ត្រូវបានដល់ការកំណត់តាមច្បាប់ ដែលបានចែង”។
លោក យឹម ស៊ីណន ថា ខ្លួនបានចូលរួមបង្កើត និងដឹកនាំចលនាយុវជននេះ១០ឆ្នាំមកហើយ ចាប់តាំងពី២០១១-២០២១ ដូច្នេះបន្តពីនេះទៀត លោកទុកឱកាសឲ្យអ្នកថ្មីមកដឹកនាំជំនួសវិញ ។

អតីតយុវជនរបស់អតីតបក្សប្រឆាំងនៅកូរ៉េរូបនេះឲ្យដឹងទៀតថា ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ លោកពិតជាមានមោទកភាពខ្លាំង ក្នុងជីវិតដែលមានឱកាស បានចូលរួមជាមួយពលរដ្ឋខ្មែរ នៅកូរ៉េ ក្នុងការការពារលើកស្ទួយ សិល្បៈវប្បធម៌ជាតិ , យុត្តិធម៌សង្គម, សិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជា ជាពិសេសបានចូលរួមទប់ស្កាត់ បំបាត់អំពើជិះជាន់ពុករលួយ របស់មន្រ្តីទូតខិចខូច មួយចំនួន ដែលបានកេងចំណេញ លើភាពហត់នឿយ នៃពលករចំណាកស្រុក នៅកូរ៉េ៕
លោកថា បើទោះគ្រប់សកម្មភាព របស់លោកជាមួយពលរដ្ឋខ្មែរ នៅកូរ៉េ ត្រូវបានរាជរដ្ឋាភិបាលចោទថា ជា ទង្វើខុសច្បាប់ ឬក្បត់ជាតិយ៉ាងក៏ដោយ ប៉ុន្តែលោកធ្វើទៅតាមបែបបទច្បាប់ជាតិ និងអន្តរជាតិតស៊ូមតិ ដោយអហិង្សាមិនមានចេតនាណាមួយ បំផ្លាញជាតិ និងប្រយោជន៍ពលរដ្ឋខ្មែរ ណាមួយនោះទេ៕
