នយោបាយ

កម្ពុជា-ចិន សម្ពោធការិយាល័យ កុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ (Video)

ភ្នំពេញ៖ នាថ្ងៃទី៨ ខែមិថុនា ក្នុងឱកាសនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៦ លោក Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមានជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកកំពុងតែបំពេញទស្សនកិច្ច ក្នុងប្រទេសចិន ហើយកិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងក្នុងទីក្រុងChongqing ប្រទេសចិន។

យោងតាម គេហទំព័រហ្វេសប៊ុក របស់ស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីររូប បានពិភាក្សាយ៉ាងស៊ីជម្រៅ ក្រោមប្រធានបទទំនាក់ទំនង ទ្វេភាគី កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩ ការកសាងរួមគ្នានូវគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ និងសហគមន៍ជោគវាសនារួម រវាងចិននិងកម្ពុជា និងបានផ្លាស់ប្តូរមតិយោបល់លើបញ្ហា អន្តរជាតិនិងក្នុងតំបន់។

ក្រោយពីបញ្ចប់ កិច្ចជំនួបខាងលើ លោក Wang Yi និង លោក ប្រាក់ សុខុន បានអញ្ជើញសម្ពោធរួមគ្នានូវការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុនៃស្ថានទូតចិនប្រចាំកម្ពុជា៕

To Top