ព័ត៌មានជាតិ

តុលាករខេត្តសៀមរាប សម្រេចឃុំខ្លួនមនុស្ស ២នាក់ទៀត ពីបទមិនគោរពវិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ ជនត្រូវចោទចំនួន ២នាក់ បន្ថែមទៀត ត្រូវបាន សាលាដំបូងខេត្តសៀមរាប បន្តចេញដីកាបង្គាប់ឱ្យឃុំខ្លួន ពីបទមិនគោរពវិធានការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្ត បានដាក់ចេញវិធានការ រដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ន នូវការជួបជុំប្រមូលផ្តុំគ្នា ពិសារគ្រឿងស្រវឹង គ្រប់ប្រភេទ និងមណ្ឌលកំសាន្ត មនុស្សពេញវ័យជាដើម។ ចំពោះបុគ្គលទាំងឡាយណា ដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។

ជាក់ស្តែងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន បញ្ជូនសំណុំរឿងចំនួន ១ករណីបន្ថែមទៀត ពីបទចោទបើកកន្លែងផឹកស៊ី នៅចំណុចហាងហេងហេងបាខែង២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន​ ២នាក់ មកសាកសួរពីដំណើររឿង នៃការលួចបើកកន្លែងផឹកស៊ីខាងលើ។ ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង ២នាក់ ត្រូវបានចៅក្រមសើបសួរ សាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្ត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១តែម្តង។

ជនត្រូវចោទដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួន ទាំង ២រូប ដូចមានរាយនាមខាងក្រោម៖
១-ឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរថៅកែហាងហេងហេងបាខែង២។
២-ឈ្មោះ សាយ ឡាស្កាហ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មេកាហាងហេងហេងបាខែង២។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសូមអំពាវនាវ ដល់ម្ចាស់អាជីវកម្មទាំងអស់ ចូលរួមអនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្ត ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

សូមម្ចាស់អាជីវកម្មដ្ឋានទាំងអស់ ចូលរួមសហការ ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គមរបស់យើង វិលទៅរកប្រក្រតីភាព ឡើងវិញ៕

To Top