ព័ត៌មានជាតិ

ទូតចិន៖ ដរាបណាជំងឺកូវីដ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយ របស់ចិនមកកម្ពុជា មិនអាចបញ្ឈប់បានឡើយ

ភ្នំពេញ៖ ស្របពេល វ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសបន្ថែមទៀត ដែលជាជំនួយជំហានទី៥ របស់ចិនជូនកម្ពុជា បានមកដល់រាជធានីភ្នំពេញ ស្ថានទូតប្រចាំកម្ពុជា បានលើកឡើងថា ដរាបណា ជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយ របស់ចិនមកកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ។

នៅលើគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា «នេះជាជំនួយវ៉ាក់សាំងលើកទី៥ របស់ភាគីចិនជូនមកកម្ពុជា។ រហូតមកដល់ពេលនេះ ចំនួនវ៉ាក់សាំង ដែលជាជំនួយ របស់ចិនជូនមកកម្ពុជា មានចំនួនសរុប៣.២លានដូស»។

ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជា បានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ បង្កើតបានជាគំរូ សម្រាប់កិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺវីរុស ក្នុងសហគមន៍អន្តរជាតិ។ ចាប់តាំងពីដើម ឆ្នាំ២០២១នេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដ ដល់កម្ពុជាសរុប១៨.៧លានដូស ក្នុងនោះ៣.២លានដូស ជាជំនួយឥតសំណង និង១៥.៥លានដូសជាការបញ្ជាទិញរបស់ភាគីកម្ពុជា។

ស្ថានទូតចិនបញ្ជាក់ថា «ក្នុងពេលឆាប់ៗនេះ ភាគីចិននឹងផ្តល់ជំនួយ ជាសម្ភារៈបន្ទាន់ជូនភាគីកម្ពុជា សម្រាប់កិច្ចទប់ស្កាត់ ជំងឺវីរុស ដែលមានតម្លៃ សរុបជាង២០លានយ័ន ក្នុងនោះរួមមានម៉ាស៊ីន អុកស៊ីសែន សម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំង នឹងជំងឺវីរុស។

ស្ថានទូត សង្កត់ធ្ងន់ថា «ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃនិងជើង និងជាមិត្តភក្តិល្អក្នុង សហគមន៍វាសនារួម។ ភាគីចិននឹងបន្តធ្វើជាកម្លាំងគាំទ្រ យុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំង សម្រាប់កម្ពុជា និងគាំទ្រមិនងាករេ ដល់កិច្ចការងារប្រយុទ្ធប្រឆាំង ជំងឺវីរុស នៅក្នុងកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយ របស់ចិនមកកម្ពុជាក៏មិន អាចបញ្ឈប់បានឡើយ»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top