ព័ត៌មានជាតិ

ក្រុមអ្នករើសអែតចាយ​ ៩នាក់ត្រូវបានចាប់ខ្លួន ក្រោយធ្វើសកម្មភាព គាស់ផ្ទះពលរដ្ឋលួចទ្រព្យ សម្បត្តិពេលរាត្រី

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រុមជន សង្ស័យជាអ្នកអូសរទេះ និងដើរស្ពាយការ៉ុងរើសអេដចាយ តែបន្លំគាស់ផ្ទះអ្នកស្រុកចូល លួចទ្រព្យសម្បត្តិ៍ពេលយប់ ជាបន្តបន្ទាប់ចំនួន៩នាក់ បញ្ជូនទៅកាន់ការិយាល័យ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តនៅរសៀលថ្ងៃទី02 ខែសីហា ឆ្នាំ2021 ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងមានការយកចិត្ត ទុកដាក់ណែនាំពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះល្បាតនៅពេលយប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់បានចំនួន 09នាក់ នាំមកអធិការដ្ឋានដើម្បីស្រាវជ្រាវសួរនាំបក្ខពួកជាបន្តបន្ទាប់ទៀត។

លោកអធិការបានបន្តថា ខណៈដែលកងកម្លាំងនគរបាលចុះល្បាត នៅយប់ថ្ងៃទី31 ខែសីហា ឆ្នាំ2021 ក៏ប្រទះឃើញជនសង្ស័យចំនួន02នាក់ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើររើសអេតចាយស្ពាយការ៉ុង សង្ស័យឆែកឆេរឃើញវត្ថុតាង ក្បាលរ៉ូមីណេទឹក កន្លះការ៉ុង។ តាមចម្លើយសារភាពជនង្ស័យខាងលើនេះ នៅថ្ងៃទី01 ខែសីហា ឆ្នាំ2021 កម្លាំងបានចុះទៅស្រាវជ្រាវឃាត់ខ្លួនបក្ខពួកចំនួន07នាក់បន្ថែមទៀត នៅចំណុចផ្ទះជួលក្នុង ភូមិសាស្ត្រខាងលើ រកឃើញវត្ថុតាងបន្ថែមទៀតរួមមាន៖ កង្ហាត្រជាក់01 ចានបង្គន់01 ភ្លើងហ្វា01 ឧបករណ៍បន្ទប់ទឹក+ខ្សែ ភ្លើងមួយចំនួន កញ្ចក់សុលឡា06,ដុំឌីសង់ទ័រ16, រម៉កកង់បី01,កាំបិតក្វែវ01,ពូថៅ02, ដាវ01 ,ដបជក់គ្រឿងញៀន03។

លោកវរ:សេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងថា បច្ចុប្បន្នជនសង្ស័យទាំង 9នាក់កំពុងឋិតនៅក្នុងការសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ ការបន្តតាមនីតិវិធីច្បាប់៕

ប៊ុន សំណាង

To Top