ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាធ្វើឱ្យអាស៊ាន នៅតែជាតំបន់មានសារៈសំខាន់ សម្រាប់ពាណិជ្ជកម្ម វិនិយោគនិងខ្សែច្រវាក់ ផ្គត់ផ្គងពិភពលោក (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា កម្ពុជាប្តេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់មានសារៈសំខាន់សម្រាប់ ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ពិភពលោក ជាពិសេសកម្ពុជានឹងបន្តជំរុញឱ្យ សហគមន៍អាស៊ាន កាន់តែមានភាពរស់រវើក និងសុខដុមរមនាថែមទៀត។

យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអាស៊ាន ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានគោលបំណងជំរុញ ដំណើរការកសាង សហគមន៍អាស៊ាន ដោយផ្តោតលើការ សម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្តួចផ្ដើមសំខាន់ៗដែលបានឯកភាពរួចហើយ ក្រោមផែនការ លម្អិតនៃសហគមន៍ទាំងបីរបស់អាស៊ាននៅឆ្នាំ២០២៥ ក្នុងនោះរួមមានផែនការ មេស្តីពីការតភ្ជាប់ អាស៊ានឆ្នាំ២០២៥ និងផែនការការងារ ដំណាក់កាលទី៤ នៃគំនិតផ្តួចផ្តើម សម្រាប់សមាហរកម្ម អាស៊ាន។

សម្ដេចតេជោ មានប្រសាសន៍ថា «ទន្ទឹមនេះ យើងប្តេជ្ញាធ្វើឱ្យអាស៊ាននៅតែជាតំបន់ដែលមានសារៈសំខាន់សម្រាប់ ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង ពិភពលោក តាមរយៈការបង្កើត នូវផលប្រយោជន៍ជា អតិបរមាពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែលមានស្រាប់ និងកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) ដែលទើបបានចុះហត្ថលេខា កាលពីពេលថ្មីៗនេះ»។

សម្ដេចតេជោ បន្ដថា «នៅពេលដែលយេីងត្រៀម ការងារមូលដ្ឋាន សម្រាប់រៀបចំ ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ កម្ពុជានឹងបន្តជំរុញឲ្យសហគមន៍អាស៊ាន កាន់តែមានភាព រស់រវើក និងសុខដុម រមនាថែមទៀត។ យើងនឹងព្យាយាម លើកកម្ពស់ការការពារ ពលករចំណាកស្រុក និងបង្កើនការគាំទ សម្រាប់របៀបវារៈស្តីពីការអភិវឌ្ឍបៃតង និងប្រកបដោយបរិយាប័ន្ន»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលេីកឡេីងថា កម្ពុជាពេញចិត្តថែបំប៉នអាស៊ាន ក្នុងនាមជាអង្គការដែលមានទស្សនៈសម្លឹងឆ្ពោះទៅពិភព ខាងក្រៅ។ នៅពេលដែលខិតខំ ផ្សារភ្ជាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ទាំងអស់ ឱ្យក្លាយជាគ្រួសារដ៏ រឹងមាំមួយ កម្ពុជាក៏នឹងខិតខំ បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀត ជាមួយដៃគូខាងក្រៅផងដែរ ដោយឈរលើ ស្មារតីសមភាព ផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។

សម្ដេចតេជោ បញ្ជាក់ថា កម្ពុជានឹងខិតខំស្វែងរក លទ្ធភាពក្នុងការលើកកម្ពស់ ភាពជាដៃគូ ជាមួយដៃគូសន្ទនាអាស៊ាន ដែលមានស្រាប់ និងពង្រីកបញ្ជីដៃគូខាងក្រៅ របស់អាស៊ាន ដោយផ្អែក លើគោលការណ៍នានា របស់អាស៊ាន រួមទាំងនៅក្នុងទស្សនវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដើម្បីជម្នះនូវនិន្នាការភូមិសាស្ត្រនយោបាយ អវិជ្ជមាន យើងប្តេជ្ញា លើកកម្ពស់របៀបវារៈ ដែលជំរុញ ស្មារតីសហប្រតិបត្តិការ និងគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាភាពស្ងប់ក្សេមក្សាន្ត និងវឌ្ឍនភាព ក្នុងតំបន់៕

To Top