ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ រកឃើញគ្រឿងញៀន ជាង១០គីឡូក្រាម

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិន ម្នាក់ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន កាលពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ និងឈានទៅដល់ការរឹបអូសគ្រឿងញៀន ជាង១០គីឡូក្រាម និងសារធាតុសង្ស័យមួយចំនួន ទៀតប្រហែលជាង ៦គីឡូក្រាម។

បើតាមស្នងការរាជធានីភ្នំពេញ បាន​ឱ្យដឹងថា នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ម៉ោង0៤:០០នាទីទៀបភ្លឺ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន​ បានល្បាត ដល់ចំណុចរង្វង់មូល ផ្សារដើមថ្កូវ ផ្លូវ៤៣០ ក្រុម១៧ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ឃើញជនសង្ស័យឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ជិះម៉ូតូម៉ាកឃ្លីកពណ៌ក្រហម ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ដោយបានរកឃើញម្សៅម៉ត់ ពណ៌ស ចំនួន០៥កញ្ចប់ថង់ នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ សមត្ថកិច្ចក៏បានធ្វើការដកហូត រួចនាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង យកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរតាមនីតិវិធី។​ 

ជាបន្ដនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង១០នាទី ការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយ អធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះទៅធ្វើការបំភ្លឺ អ្នកគ្រប់គ្រងសណ្ឋាគារ វីបូទិក ផ្លូវ១៤៣ កែងផ្លូវ៣០៤ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រកឃើញ លិខិតឆ្លងដែនចំនួន០១ច្បាប់(ថតចម្លង)មានឈ្មោះ HUANG XULONG និងទទួលបានព័ត៌មានមួយចំនួន លុះវេលាម៉ោង ១៥និង៣០នាទី ដោយមានការចូលរួមផ្ទាល់ពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យការិយាល័យ ប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយ អធិការដ្ឋាននគរបាលខណ្ឌ ចំការមន និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នាំខ្លួនជនសង្ស័យ ឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ទៅបន្តឆែកឆេរខុនដូរ លំនៅដ្ឋាន អ៊ិល បឹងទំពុន សង្កាត់បឹងទំពុន២ ខណ្ឌមាជ័យ រកឃើញ វត្ថុតាងជាគ្រឿងញៀនរួមមាន៖​ គ្រឿងញៀនគ្រប់ប្រភេទសរុបទម្ងន់ប្រហែលជា​ ១០គីឡូក្រាម​ និងសារធាតុសង្ស័យផ្សេងទៀតប្រហែលជា​ ៦គីឡូក្រាម​ ។ 

បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កំពុងតែរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យ ជាជនជាតិចិន​ និងវត្ថុតាងជាគ្រឿងញៀន​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​ ៕

To Top