ព័ត៌មានជាតិ

ចាប់ពីស្អែកទៅ តំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ ពីតិចទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាចាប់ពី ថ្ងៃទី១១ដល់១៧ សីហា ខាងមុខនេះនឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១១-១៧ ខែសីហា ឆ្នាំ២០២១បានឲ្យដឹងថាព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីខ្យល់មូសុងនិរតីខ្សោយ ។ ក្នុងនោះនៅ ថ្ងៃទី១១-១២ ខែសីហា ទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាបពីប្រទេសចិន និងនៅថ្ងៃទី១៣-១៦ ខែសីហា ទទួល ឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងជើងប្រទេស មីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ។

ក្រសួងបន្តថាស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចនឹងមានភ្លៀង ក្នុងកម្រិត ពីតិចទៅបង្គួរ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុងនោះក៏នឹងមាន ផ្នែកខ្លះនៃបណ្តាខេត្តនៅភាគកណ្តាល និងភាគខាងត្បូង នឹងអាចមានភ្លៀងធ្លាក់ច្រើន ។

ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °Cនឹងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។

ចំណែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºCនឹងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C – អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក បានសូមសាធារណជ្រាបជា ព័ត៌មាននិងសូមប្រុង ប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ លាយឡំ និងខ្យល់កន្ត្រាក់ ៕

To Top