ព័ត៌មានជាតិ

ប្រធានមន្ទីរ​ សុខាភិបាលខេត្តស្វាយរៀង ៖ កងទ័ពអាវស ជាកម្លាំង ដ៏អង់អាច សង្គ្រោះជីវិត ប្រជាពលរដ្ឋ

ស្វាយរៀង ៖ លោកបណ្ឌិតកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានថ្លែងថា ក្រុមគ្រូពេទ្យកងទ័ពអាវស បានចូលរួមយ៉ាងសកម្ម ជាមួយ ទឹកចិត្ត ដ៏អង់អាច ដើម្បីសង្គ្រោះជីវិត ប្រជាពលរដ្ឋ កម្ពុជាពីជំងឺកូវីដ១៩ ដោយមិនខ្លាចនឿយហត់។

ថ្លែង នៅក្នុង ពិធីទទួលអំណោយថ្ងៃទី១៨ ខែសីហា លោកថ្លែងថា កិច្ចខិតខំប្រឹងប្រែង និងការលះបង់ របស់មន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដោយបានបំពេញការងារ យ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ហើយការលះបង់នេះ ថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្ត ក៏ដូចជារដ្ឋបាលខេត្ត និងចងចាំមិនអាចបំភ្លេចបានឡើយ នូវគំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងការចូលរួមទប់ស្កាត់ការឆ្លង រីករាលដាល នៃជំងឺកូវីដ១៩។

លោកបណ្ឌិត ក៏បានផ្តាំផ្ញើរឲ្យមន្ត្រីសុខាភិបាលទាំងអស់ ត្រូវបង្កើននូវការយក ចិត្តទុក្ខដាក់បន្ថែមទៀតលើសុវត្ថិភាព និងការការពារខ្លួន ឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងអំឡុងពេលព្យាបាលអ្នកជំងឺ ។

គួរបញ្ជាក់ថា អំណោយដែលផ្តល់ ជូនគ្រូពេទ្យក្នុងម្នាក់ៗទទួលបាន ៖ មី ១កេស ទឹកផ្លែឈើ១កេស ទឹកដោះគោឆៅ១ឡូ ស្ករស១គីឡូ ទឹកសុទ្ធវីតាល់ ១កេស អាល់កុល៥លីត្រ សាប៊ូប្រូធិច៥ដុំ ម៉ាស់១០០និងថវិកា ១លានរៀល។

ក្នុងឪកាសនេះដែរ លោកបណ្ឌិតកែរ រដ្ឋា ព្រមទាំងបុគ្គលិក មន្ត្រីរាជការសុខាភិបាលទាំងអស់ សូមថ្លែងអំណរគុណលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនដែលបានយកចិត្តទុកដាក់ ជាមួយក្រុមគ្រូពេទ្យជួរមុខ ក្នុងការចូលរួមព្យាបាល អ្នកជំងឺកូវីដ-១៩ ហើយបានចំណាយថវិកា ព្រមទាំងស្បៀងមួយចំនួន ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យទៀតផង ៕

To Top