ព័ត៌មានជាតិ

ខ្សឹបដាក់ត្រចៀក៖ នាយរងរដ្ឋបាលព្រៃឈើ ស្រុកបន្ទាយស្រី ឃាត់ឡាន ក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ កៀបស៊ី ទារ៣ម៉ឺនដុល្លារ ដោយសារតែរឿងដឹកសត្វតុកែ

ភ្នំពេញ៖ នាយរងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកជញ្ជូន អ្នកដំណើរនិងបញ្ញើឥវ៉ាន់ ដោយសង្ស័យថា មានបង្កប់សត្វព្រៃខុសច្បាប់ សត្វព្រៃខុសច្បាប់ គឺសត្វតុកែ។ រថយន្តដែលត្រូវឃាត់ខ្លួននោះ ពាក់ស្លាកលេខ ភ្នំពេញ៣F ៧២៣២ ដឹកទំនិញចេញពីខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តសៀមរាប។

មកដល់ស្រុកបន្ទាយស្រី ខាងរដ្ឋបាលព្រៃឈើ បានធ្វើការឃាត់ និងស្នើសុំពិនិត្យទំនិញលើរថយន្ត សង្ស័យមានដឹកសត្វព្រៃ។ តៃកុងឡាន និងព្រូឡាន បានចូលរួមសហការជាមួយ មន្រ្តីរដ្ឋបាលព្រៃឈើ ដែលគេដឹងថា ជាមន្រ្តីនគរបាលយុត្តិធម៌។ បន្ទាប់ពីពិនិត្យរួចរាល់ ឃើញមានកេសចំនួន២ ផ្ទុកសត្វតុកែ ចំនួនជាង៩៨៤ក្បាល។ ក្រោយពិនិត្យឃើញ មន្រ្តីរដ្ឋបាលព្រៃឈើ បានដកហូតសត្វព្រៃ (សត្វតុកែ) និងឃាត់រថយន្តនោះទុក។

អ្វីដែលអស់មហាជនឆ្ងល់នោះ គឺនៅត្រង់ថា លោកមន្រ្តីរដ្ឋបាលព្រៃឈើដ៏មហិមា លី សុផា ទាមទារប្រាក់៣ម៉ឺនដុល្លារ ពីក្រុមហ៊ុន ជាថ្នូនឹងការដោះលែងរថយន្ត និងថា បើមិនដូច្នោះទេ ត្រូវចាប់ជនសង្ស័យ (អ្នកបញ្ញើរ ឬ អញ្ញត្តិជន) ឱ្យខាងរដ្ឋបាលព្រៃឈើ ទើបអាចដោះលែងរថយន្ត នោះបាន។

តំណាង ក្រុមហ៊ុន វីរៈប៊ុនថាំ លោក សួរ វីរៈ បានឱ្យនាយ០៤ ដឹងថា ខាងក្រុមហ៊ុន បានចូលរួមសហការជាមួយរដ្ឋបាលព្រៃឈើ គ្រប់ដំណាក់កាលទាំងអស់ ម្យ៉ាងខាងក្រុមហ៊ុនរបស់លោក គឺជាជនរងគ្រោះនៃអំពើបទល្មើសនោះដែរ មិនគួរណាខាងរដ្ឋបាលព្រៃឈើ មកដាក់គំនាប កៀបទារប្រាក់ពិន័យរហូតដល់ទៅ៣ម៉ឺនដុល្លារនោះទេ។ហើយអ្វីដែលរឹតតែធ្ងន់ធ្ងរថែមទៀត គឺខាងក្រុមហ៊ុន ទៅចាប់ជនល្មើស មកឱ្យខាងលោកមេព្រៃថែមទៀត។

អនុឡោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺថាមានមន្រ្តីនគរបាលយុត្តិធម៌ប៉ុណ្ណោះ ដែលសិទ្ធិអំណាចតាមផ្លូវច្បាប់ ក្នុងការស្វែងរកនិងចាប់ខ្លួនជនលើ្មស បញ្ជូនទៅតុលាការផ្តន្ទាទោស តាមច្បាប់។ ម្យ៉ាង ជនស៊ីវិល រឺខាងក្រុមហ៊ុន គ្មានសិទ្ធិអំណាចណាមួយតាមផ្លូវច្បាប់ ទៅចាប់នរណាម្នាក់បាននោះទេ។ ចម្ងល់បានចោទសួរថា លោកមេព្រៃ ចេះច្បាប់រឺអត់ចេះ? រឺចេះធ្វើមិនចេះ? រឺក៏មានបញ្ហាអ្វីផ្សេង (កៀបស៊ី) រឺយ៉ាងដូចម្តេចបានជា ដាក់សម្មតិកម្មឱ្យខាងក្រុមហ៊ុន ទៅចាប់ជនសង្ស័យ មកថ្វាយលោកមេព្រៃ។ នាយ០៤ក៏ឆ្ងល់កន្លែងណឹងដែរ? សូមលោកមេព្រៃ ជួយបកស្រាយផង។

មួយវិញទៀត នៅពេលចុះទៅចាប់និងរឹបអូសសត្វព្រៃនោះ ហេតុអ្វីលោកមន្រ្តីដឹងច្បាស់ម្លេះថា នៅក្នុងកេសទាំង២ ក្នុងចំណោចកេស និងបញ្ញើឯទៀត មានសត្វព្រៃ រឺក៏លោកមេព្រៃ ដឹងច្បាស់ជាមុន ហើយចាំចាប់កៀបស៊ីតាមជំនាញ រឺយ៉ាងដូចម្តេច។

យ៉ាងណាក៏ដោយ ខាងតំណាងក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរ កន្លងមកខាងក្រុមហ៊ុន ដែលស៊ីដឹកជញ្ជូនបញ្ញើស្របច្បាប់ បានចូលរួមសហការជាមួយមន្រ្តីសមត្ថកិច្ច ជំនាញ កាលបើសង្ស័យថា បញ្ញើខុសច្បាប់ តួយ៉ាងកន្លង ក៏បានសហការចូលរួមបង្រ្កាបករណីដឹកសារធាតុញៀនខុសច្បាប់ផងដែរ។ ប៉ុន្តែលើកនេះ ឆ្ងល់ត្រង់ថា លោកមេព្រៃ លេងធម៌ក្តៅកៀបស៊ី ដាក់សម្មតិកម្ម ឱ្យខាងក្រុមហ៊ុន ជាអ្នកដោះស្រាយទៅវិញ ក្រែងលោកមេព្រៃ ជាមន្រ្តីនគរបាលយុត្តិធម៌ ជាមន្រ្តីអនុវត្តច្បាប់ ម្តេចមិនសហការជាមួយមន្រ្តីនគរបាលយុត្តិធម៌ឯងទៀត វែកជនសង្ស័យ ។

ទោះជាបែបនេះ ក្តីខាងក្រុមហ៊ុន សុំតែយករថយន្តមកវិញនោះទេ ឯរឿងផ្សេងទៀត ក្រុមហ៊ុន នឹងចូលរួមសហការជានិច្ច ប្រកបដោយភាពស្មោះត្រង់ និងទទួលខុសត្រូវ។ សូមលោកមេព្រៃ ពិចារណាឡើងវិញ៕

ដោយៈនាយ០៤

To Top