ព័ត៌មានជាតិ

សភាកម្ពុជា-ឡាវ​ ជំរុញការផ្លាស់ប្តូរ បទពិសោធន៍ ការងារ តាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញ

ភ្នំពេញ ៖ ខណៈប្រទេសកំពុងស្ថិតក្នុងបរិបទជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងណាក្តី ប្រធានរដ្ឋសភាកម្ពុជា និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ បាន ជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការងារតាមរយៈបច្ចេកវិទ្យាអនឡាញ ។

ការជំរុញនេះធ្វើឡើង ក្នុងជំនួបរវាងសម្តេចហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា ជាមួយ លោក សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រ ជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។

កិច្ចសន្ទនារវាងថ្នាក់ដឹកនាំស្ថាប័ន នីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ បានផ្តោតសំខាន់ ក្នុងការបន្តនូវការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំឡើង ទោះបីក្នុងបរិ បទជំងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងណាក្តី ដើម្បីបម្រើដល់ផលប្រយោជ ន៍ប្រទេសនិង ប្រជាជនទំាងពីរ ។

ជាងនេះថ្នាក់ដឹកនាំរដ្ឋសភាប្រទេ សទំាងពីរបានលើកឡើង ពីបញ្ហាមួយចំនួន ដែលកើតមាន នៅក្នុងបរិបទតំបន់ និងពិភលោក ដែលកំពុងរងគ្រោះ ពីការរាតត្បាតជំងឺកូវីដ-១៩ ដូច្នេះកិច្ចសហប្រតិបត្តិការសភា ទំាងក្នុងកម្រិតទ្វេភា គីនិងពហុ ភាគី មានសារៈសំខាន់នៅក្នុងការដោះស្រាយបញ្ហារួមមួយនេះ ក្នុងការមប្រើសុខុមាលភាពពលរដ្ឋប្រទេសទំាងពីរ ក៏ដូចជាប្រជាជនក្នុងតំបន់ និងសកលលោក ។

ប្រធានរដ្ឋសភាកម្ពុជា និងឡាវ អះអាងថា រដ្ឋសភាប្រទេសទំាងពីរតែងតែគំា ទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិកាសភា ដើម្បីបម្រើដល់ផលប្រយោជន៍រួម។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម សាយ សំភូន ភូមវិហាន បានបញ្ជាក់ ពីទស្សនៈមុះមុត នៅក្នុងការបន្តអនុវត្ត នូវអនុស្សរណៈ យោគយល់ ដែលថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឡាវ បានចុះហត្ថលេខា កាលពីឆ្នាំ២០១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសការជំរុញដល់ការផ្លាស់ ប្តូរបទពិសោធន៍ការងារនៅគ្រប់កម្រិត តាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានទៀតទាត់ ទោះបីក្នុងបរិបទកូវីដ-១៩ យ៉ាងណាក្តី ។

សម្តេច ហេង សំរិន បានអបអរសាទរចំពោះ ឯកឧត្តម សាយ សំភូន ភូមវិហាន ដែលត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី៩ នៃសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ ។

សម្តេចបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ទាំងក្នុងក្របខ ណ្ឌបក្ស រដ្ឋ និងរដ្ឋសភា កាន់តែជិតស្និទ្ធ និងស្អិតរមួតថែមទៀត ។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម សាយ សំភូន ភូមវិហាន បានលើក ឡើងនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ យ៉ាងស្អិតរមួត នៃប្រទេសទំាងពីរ នាពេលកន្លងមក គឺជាទ្រព្យដ៏មានតម្លៃមហាសាល ដែលនឹងផ្តល់នូវ ឧត្តមប្រយោជន៍ដល់ការអភិវឌ្ឍ សង្គមជាតិ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនយើងទាំងសងខាង ។

ថ្នាក់ដឹកនាំស្ថាប័ន នីតិប្បញ្ញត្តិ ប្រទេសទំាងពីរ បានអបអរសាទរ ចំពោះប្រទេសទំាងពីរដែលកាលពីថ្មីៗនេះ បានឯកភាពគ្នាលើកកម្ពស់ ទំនាក់ទំនង រវាងប្រទេសទាំងពីរ ដល់កម្រិតជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដែលជាសមិទ្ធផលដ៏ធំធេងមួយជាប្រវត្តិសាស្រ្តមួយ។

ជាមួយគ្នានោះដែរ សម្តេចហេង សំរិន បានជម្រាបពីស្ថានការណ៍វិវឌ្ឍន៍ថ្មីៗរបស់កម្ពុជា ដូចជាសកម្មភាពទប់ស្កាត់ជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសនៅក្នុងយុទ្ធ នាការផ្តល់វ៉ាក់សំាងជូនពលរដ្ឋដោយមិនគិតថ្លៃ ទំាងលើមនុស្សពេញវ័យ និងកុមារ ដែលមានអាយុ ពី១២ ដល់១៧ឆ្នាំ ឱ្យបានជាង១០លាននាក់ ដែលផែនការនេះនឹង បញ្ចប់ក្នុងពេលឆាប់ៗ ដែលអាចនាំឱ្យសង្គមជាតិ វិលទៅភាពប្រក្រតីវិញ ឈានដល់ ការស្តារសេដ្ឋកិច្ចនិងសង្គមបានក្នុងពេលឆាប់ៗនេះ។

សម្តេច បានគូសបញ្ជាក់ថា ក្រៅពីការខិតខំថែរក្សាសុខុមាលភាពជូនពលរដ្ឋកម្ពុជា បានខិតខំស្តារសេដ្ឋកិច្ច ធានាជីវភាពពលរដ្ឋ សកម្មភាពពាណិជ្ជកម្មតាមរយៈការទម្លាក់មូ លនិធិសង្គមបន្តបន្ទាប់ ពីទឹកប្រាក់ ៧១៩លានដុល្លារ កើនដល់ជាង ១,៤៥០លានដុល្លារ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា នៅឆ្នាំ២០២២ខាងមុខនេះ មានការ ព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ នូវកំណើន ៤.៨% ខណៈឆ្នាំ២០២១ រំពឹងថា នឹងមានកំណើនឡើងវិញក្នុងអត្រា ៤% ប៉ុន្តែដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងវត្តមានវីរុសបំប្លែងថ្មី កំណើននេះអាចនឹងថយមកត្រឹម ២.៤%។

ចំណែកលោក សាយ សំភូន ភូមវិហាន ក៏បានលើកឡើងពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសឡាវដែលកំពុងប្រ ឈមជាមួយនឹងរលកទី២។ សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ បានកំពុងរួមសាមគ្គីគ្នា នៅក្នុងការប្រយុទ្ធជំងឺកូវីដ១៩ផង និងបាន ខិតខំលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចជាតិផង ។ សេដ្ឋកិច្ចប្រទេសឡាវបាន បន្តមានកំណើន ជាវិជ្ជមាន ប៉ុន្តែនៅតែមានហានិភ័យជាមួយបញ្ហាផ្សេងៗដូចជា គ្រោះធម្មជាតិ ជាដើម ៕ សំណាង

To Top