ព័ត៌មានជាតិ

សហគមន៍តំបន់ ការពារធម្មជាតិ អន្លង់ព្រីង រកប្រាក់ចំណូលបន្ថែម ពីប្រពៃណីតម្បាញ កន្ទេលចចូត

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា ប្រជាពលរដ្ឋ ក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត បានបន្តរក្សាស្នាដៃកេរ្តិ៍ដូនតា ដូចជា ការធ្វើនំបញ្ចុក និង សិប្បកម្មត្បាញចចូត ជាសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ទេសចរ ដែលមកកម្សាន្តតំបន់ ការពារធម្មជាតិមួយនេះ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រជាពលរដ្ឋនៃសហគមន៍អេកូទេសចរណ៍អន្លង់ព្រីង នៅតែថែរក្សាប្រពៃណីតម្បាញចចូត (កញ្ចូត)នេះរហូត មកដល់បច្ចុប្បន្ន មិនទាន់បោះបង់ទាំងស្រុងឡើយ។

សូមបញ្ជាក់ថា ប្រជាសហគមន៍ បានចេះរបៀបត្បាញ ម៉ូតទំនើបទាន់សម័យ ជាគោម តាមម៉ូត តាមទំហំខ្នាត តាមតម្រូវការអតិថិជន ហើយចំណេះជំនាញទាំងនេះ បានមកពីការបង្ហាត់បង្រៀនពី អង្គការមូលនិធិសត្វក្រៀលអន្តរជាតិ ក្រោមគម្រោងលើកស្ទួយ ជីវភាពសហគមន៏ផ្សារភ្ជាប់ ជាមួយការអភិរក្ស ។

ជាងនេះទៅទៀត តំបន់ការពារទេសភាព អន្លង់ព្រីងបានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់ សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស និងសត្វស្លាបកម្រ និងជិតផុតពូជនៅលើពិភពលោក ។

មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយក្រុមអភិរក្ស នៃអង្គការដៃគូ និងសហគមន៍កំពុងធ្វើការគ្រប់គ្រងតំបន់ ការពារធម្មជាតិមួយនេះ ដើម្បីប្រយោជន៍កូនចៅតជំនាន់ ។ ជាមួយគ្នានេះ គណៈកម្មការសហគមន៍ ប្រជាពលរដ្ឋ មានឱកាសទទួល បង្កើនកិច្ចថែរក្សាតំបន់ វប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រ និងរកចំណូលពីការនាំភ្ញៀវ ទេសចរទៅទស្សនាកម្សាន្ត ព្រមទាំងសិក្សាស្វែងយល់ ក៏ដូចជាទិញផលិតផលសហគមន៍ ៕

To Top