ព័ត៌មានជាតិ

យុទ្ធនាការទប់ស្កាត់ ជំងឺកូវីដ-១៩ បានជួយ ទប់ស្កាត់មួយកម្រិត នូវល្បឿននៃការឆ្លងមេរោគបម្លែងថ្មី ប្រភេទដែលតា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល២១ថ្ងៃ កន្លងមកនេះ បានរួមចំណែកដ៏សំខាន់ ក្នុងការជួយទប់ស្កាត់ មួយកម្រិតនូវល្បឿននៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍។

ថ្មីៗនេះ រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញ និងបន្តអនុវត្តនូវ «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩» នៅទូទាំងប្រទេ រយៈពេល ២១ ថ្ងៃចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដែលត្រូវអនុវត្តជាបន្ទាន់ ព្រមៗពេលជាមួយគ្នានៅទូទាំងប្រទេស ក្នុង យុទ្ធនាការនេះ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

យោងតាមសេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅតាមបណ្តា រាជធានី-ខេត្តនីមួយៗ មានលក្ខណៈខុសៗគ្នា, ដូច្នេះ រាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ការអនុវត្ត «យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩» នៅទូទាំងប្រទេសតាម កាលបរិច្ឆេទកំណត់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។

រាជរដ្ឋាភិបាល បានបញ្ជាក់ថា «ដោយសារការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ តាមរយៈយុទ្ធនាការនៅទូទាំងប្រទេស ក្នុងរយៈពេល ២១ ថ្ងៃ កន្លងមកនេះ បានរួមចំណែកដ៏សំខាន់ក្នុងការជួយទប់ស្កាត់បានមួយកម្រិតនូវល្បឿននៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍ ហើយវិធានការទាំងនេះក៏មិនបានធ្វើឲ្យប៉ះពាល់ជាដុំកំភួនដល់សកម្មភាពខាងផ្នែកសង្គម និងសេដ្ឋកិច្ច ក៏ដូចជាជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ រាជរដ្ឋាភិបាល យល់ឃើញថា វិធានការទាំងនេះនៅតែជាវិធានការគន្លឹះ និងមានភាពចាំបាច់ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវដ-១៩ ជាពិសេស ក្នុងបរិបទនៃការឆ្លងរាលដាលនៃមេរោគប្រភេទ Delta ក្នុងសហគមន៍»។

ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានណែនាំដល់អភិបាល រាជធានី-ខេត្ត ត្រូវបន្តការអនុវត្តការរឹតបន្ដឹងវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយផ្អែកតាមសភាពការណ៍វិវត្តជាក់ស្តែងនៃជំងឺនេះ ក្នុងភូមិសាស្ត្ររាជធានី-ខេត្តដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ក្រោមការសម្របសម្រួលរបស់គណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការដែលមាន ការពាក់ព័ន្ធ៕

To Top