ព័ត៌មានជាតិ

ទូតចិន ៖ ជំងឺកូវីដ-១៩ គឺរួមសុខ រួមទុកជាមួយគ្នារវាងចិន-កម្ពុជា ពុំមានរូបភាពទម្លាក់កំហុសដូចប្រទេសមួយចំនួន

ភ្នំពេញ ៖ លោក WANG Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា បញ្ហាជំងឺកូវីដ-១៩ ព្រៀបដូចកញ្ចុះឆ្លុះ បញ្ចាំងអំពីរូបភាពផ្សេងៗលើពិភពលោក ដូច្នេះ ភាពកក់ក្ដៅ រួមសុខ រួមទុករវាង ចិន-កម្ពុជា ពុំមានរូបភាពទម្លាក់កំហុស ដូចប្រទេសមួយចំនួន។

ការលើកឡើងរបស់ ទូតចិន ប្រចាំកម្ពុជា បែបនេះ ក្រោយសហរដ្ឋអាមេរិក បានចោទប្រកាន់ ប្រទេសចិនថា ជាអ្នកបង្កើត មេរោគជំងឺកូវីដ-១៩ ដែលកំពុងកើតមានឡើង ជុំវិញពិភពលោក។

ក្នុងឱកាសប្រគល់-ទទួល វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន៥០ម៉ឺនដូស ដែលជាអំណោយ របស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាល និងប្រជាជនខ្មែរ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក WANG Wentian បានថ្លែងថា «ជំងឺវិរុសកូវីដ-១៩នេះ ប្រៀបដូចកញ្ចក់ មួយផ្ទាំង​ ដែលអាចឆ្លុះបញ្ចាំងអំពីរូបភាពផ្សេងៗ ទៅលើពិភពលោក ភាពកក់ក្ដៅ រួមសុខ រួមទុករវាង ចិន និងកម្ពុជា ពុំមានរូបភាព ទម្លាក់កំហុស របស់ប្រទេសមួយចំនួន ផងដែរ។ មានប្រទេសខ្លះ គេមិនខ្វល់ខ្វាយដល់សុវត្ថិភាព របស់ប្រជាជនខ្លួនឯងផង ក៏ដូចជាស្ថានភាពទូទៅ នៃការប្រយុទ្ធប្រឆាំងជំងឺវិរុស នៅទូទាំងសកលលោក បែរជាយកបញ្ហាស្វែងរកប្រភេទ ដើមនៃវិរុស ធ្វើជាឈ្នាន់នយោបាយទៅវិញ»។

លោកបានបន្ដថា «នេះមិនអាចយកចិត្តប្រជាជនបានទេ ប្រៀបដូចយកដុំថ្មមកទម្លាក់លើជើងខ្លួនឯង។ ប្រឈមមុខ និងស្ថានភាពស្មុគស្មាញជំងឺវិរុស ចិនតែងតែប្រកាន់ ភ្ជាប់សហគមន៍សុខាភិបាលមនុស្សជាតិ និងអាកប្បករិយាវិទ្យាសាស្ដ្រ ប្រឆាំងដាច់ខាតយកបញ្ហាស្វែងរកប្រភេទដើម នៃវិរុសធ្វើនយោបាយ ។ ប្រឈមនឹងវិរុស ចិននឹងបន្ដខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីជួយប្រទេសអភិវឌ្ឍន៍ក្នុងការទប់ស្កាត់នៃវិរុសនេះ រួមចំណែកជាកម្លាំង ក្នុងការយកឈ្នះលើកិច្ចទប់ស្កាត់ នៃជំងឺនៃវិរុសនេះ ជូនដល់មនុស្សជាតិ»។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតចិន ក៏បានលើកឡើងថា ដរាណាជំងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្ដល់ជំនួយរបស់ចិនមកកម្ពុជា មិនអាចបញ្ឈប់បានឡើយ។ លោកបន្ដថា រដ្ឋាភិបាលចិន ផ្ដល់ជំនួយជាច្រើនមកដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូ វីដ-១៩។

លោកបានបញ្ជាក់ទៀត ថា «ក្នុងនាមជាមិត្ត ដែកថែប និងសហគមន៍វាសនារួម ភាគីចិនបានចាត់ទុកបញ្ហាប្រឈម ក៏ដូចជា ការលំបាកដែល មាននៅក្នុងប្រទេសកម្ពុ​ជា ដែលជាបញ្ហាប្រឈមក៏ដូចជាការ លំបាករបស់ខ្លួន។ ភាគីចិននឹងបន្តផ្តល់ជំនួយជាវ៉ាក់សាំង បរិក្ខារវេជ្ជសាស្ត្រ និងការគាំទ្រជាសម្ភារៈជូនដល់កម្ពុជា តាមលទ្ធភាព ដែលអាចធ្វើបាន បន្តធ្វើជាបង្អែកយុទ្ធសាស្រ្តក្នុងការផ្គត់ផ្គង់វ៉ាក់សាំងជូនប្រជាជនកម្ពុជា»។

​​លោកបានបន្ថែមថា គិតត្រឹមថ្ងៃនេះ ចិនបានផ្តល់វ៉ាក់សាំងកូវីដ ដល់កម្ពុជាសរុបចំនួន២២.២លានដូស ដែលមានទាំងជំនួយ ​និងការផ្គត់ផ្គង់​ តាមការបញ្ជាទិញ ។ លើកនេះគឺជាជំហានទី៦ ដែលចិនបានផ្តល់ជំនួយ ជាវ៉ាក់សាំងដល់កម្ពុជា។
​​
​លោកទូត បានអះអាងថា ចិនបានគោរពតាមពាក្យសន្យា ដោយជួយផ្តល់ការគាំទ្រដ៏សំខាន់ សម្រាប់ការបង្កើត ប្រព័ន្ធភាពស៊ាំជូនដល់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារអាយុជីវិតរបស់ប្រជាជន ៕

To Top
×