ព័ត៌មានជាតិ

អនុប្រធានាធិបតីអាមេរិក Kamala Harris សម្ពោធ​ការិយាល័យថ្មី CDC ប្រចាំតំបន់​អាស៊ីអាគ្នេយ៍ នៅវៀតណាម

អ្នកស្រីអនុប្រធានាធិបតី Kamala D. Harris នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ បានសម្ពោធការិយាល័យ ប្រចាំតំបន់អាស៊ី​អាគ្នេយ៍ នៃ​មជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅទីក្រុងហាណូយ នៃ​ប្រទេសវៀតណាម នៅក្នុង​ពិធីមួយដែលមានការចូលរួមផងដែរ ពី រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហរដ្ឋអាមេរិក ប្រធាន CDC សហរដ្ឋ​អាមេរិក មន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលមកពីប្រទេសចំនួន ១១។ នេះបើតាមសេចក្តីប្រកាស ព័ត៌មានស្ថានទូតអាមេរិក ប្រចាំកម្ពុជា។

ការិយាល័យ​ប្រចាំ​តំបន់​ថ្មី​មួយ​នេះ នឹង​ពង្រឹង​សមត្ថភាព​​របស់ CDC សហរដ្ឋអាមេរិក ក្នុងការបំពេញបេសកកម្ម​របស់​ខ្លួន​ក្នុង​ការការពារ​ជនជាតិ​អាមេរិក​និង​ប្រជាជន​​នៅក្នុងតំបន់ ដោយ​ធ្វើការ​ឆ្លើយ​តប ​បាន​ឆាប់​រហ័ស​ទៅ​នឹងការគំរាម​កំហែង​ផ្នែក​សុខភាព​ រាល់​ពេល​ដែលវា​កើត​​មានឡើង ហើយកសាងទំនាក់ទំនង ជាគន្លឹះសម្រាប់ដោះស្រាយ អាទិភាពរួមផ្នែកសុខភាព។

អ្នកស្រី​អនុប្រធានាធិបតី Harris បានធ្វើការបញ្ជាក់បន្ថែម លើការប្តេជ្ញាចិត្ត​របស់សហរដ្ឋអាមេរិក ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ ផ្នែកសន្តិសុខនៃសុខភាព​នៅក្នុងតំបន់ ហើយបានបន្តធ្វើការអំពាវនាវ ឲ្យមានសកម្មភាពក្នុងការឆ្លើយតប និង​ការត្រៀមខ្លួន ជាស្រេច ចំពោះរោគរាតត្បាតនេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល សហរដ្ឋអាមេរិក លោក Xavier Becerra បានមានប្រសាសន៍ថា៖ «តាមរយៈ​ការិយាល័យ​​នេះ យើងនឹងធ្វើការជិតស្និទ្ធជាមួយដៃគូក្នុងតំបន់​នេះរបស់យើង ដើម្បីចែករំលែកយុទ្ធសាស្រ្ត និង​ពង្រឹង​​សមត្ថភាពគ្នា​ទៅវិញទៅមក ដើម្បីធ្វើការបង្ការ តាមដាន និងឆ្លើយតបទៅនឹងការគំរាម​កំហែង​នៃជំងឺឆ្លង សម្រាប់​ពេលនេះ និងពេលអនាគត។ ជោគជ័យ​នេះគឺជាលទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​កម្រិត​ខ្ពស់​អស់​រយៈពេល​រាប់​ឆ្នាំមកហើយ រវាងរដ្ឋាភិបាល​របស់យើង។ វាក៏តំណាងផងដែរ នៃឱកាសដ៏​សំខាន់ ក្នុងការ​ប្រមូលផ្តុំគ្នា​ដើម្បី​ធ្វើការ​ពិភាក្សាពីអាទិភាពរួមផ្នែកសន្តិសុខនៃសុខភាព​​នៃប្រទេសរបស់យើង»។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky ប្រធានទីភ្នាក់ងារ CDC បានមានប្រសាសន៍ថា៖ «ទីភ្នាក់ងារ CDC របស់​សហរដ្ឋអាមេរិកបានមានវត្តមា នយូរមកហើយ នៅតំបន់អាស៊ីអាគ្នេយ៍។ ភាព​ជាដៃ​គូ​យូរ​អង្វែង​របស់​យើង​ជាមួយប្រទេសនៅតំបន់អាស៊ាន បានពង្រឹងមន្ទីរពិសោធន៍​ផ្នែកសុខភាពសាធារណៈ មជ្ឈមណ្ឌល​ប្រតិបត្តិការ​សម្រាប់​គ្រាបន្ទាន់ ប្រព័ន្ធតាមដាន ដែលសុទ្ធតែជាមធ្យោបាយចាំបាច់ នៅក្នុងអំឡុងពេល​នៃការមាន​ រោគ​រាតត្បាត​ ក្នុង​ពេល​នេះ។ ការិយាល័យថ្មីប្រចាំតំបន់នេះ នឹងពង្រឹងបន្ថែមលើកិច្ចសហការជាដៃគូ ដែលមានស្រាប់ ហើយ​ជួយ​យើង ​ឱ្យ​កាន់តែរឹងមាំជាមួយគ្នាថែមទៀត»។

CDC មានភាពសមស្របជាពិសេសសម្រាប់បង្កើនការចូលរួម និងការសហការ​របស់​សហរដ្ឋ​អាមេរិ​កជាមួយ​មេដឹក​នាំ​​​​នៅអាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់សមត្ថភាព​របស់តំបន់​នេះ​ក្នុងការ​បង្ការ​តាមដាន​ និង​ឆ្លើយតប​ទៅនឹង​ជំងឺ​ឆ្លង​និង​ការគំរាម​កំហែងថ្មីៗដទៃទៀត មកលើសុខភាព។ អាទិភាព​សម្រាប់ការិយាល័យថ្មី ប្រចាំ​តំបន់​នេះរួមមាន កសាង​កម្លាំង​អ្នកធ្វើការផ្នែកសុខភាពសាធារណៈទៅអនាគត  ពង្រីក​ការ​បណ្តុះ​បណ្តាល​ផ្នែក​មន្ទីរ​ពិសោធន៍​ផ្នែក​សុខភាព​សាធារណៈប្រចាំតំបន់ អភិវឌ្ឍកម្មវិធីថ្មីៗ ដើម្បី​កែលម្អ​សុខភាព​សម្រាប់​ប្រជាជន​ធ្វើ​ចំណាកស្រុក ​និង​ប្រជាជន​ដែល​ធ្វើផ្លាស់ទីលំនៅ ធ្វើឲ្យមានការឆ្លើយតប ​ដោយ​មាន​ការ​សម្រប​សម្រួល​គ្នា​ចំពោះ​ស្ថាន​ភាព​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ តាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការ ក្នុងគ្រាបន្ទាន់​ ដែល​មាន​ជា​បណ្តាញ​​ហើយ​ពង្រឹង​ប្រព័ន្ធ​ព្រមាន​ទាន់​ពេល​វេលាទាក់ទងនឹងការរកឃើញជំងឺឆ្លងថ្មីៗ និងដែលឆ្លងពីសត្វមកមនុស្ស។

លោក​វេជ្ជបណ្ឌិត John MacArthur គឺជាប្រធានថ្មី​នៃទីភ្នាក់ងារ CDC ប្រចាំតំប​ន់អាស៊ីអាគ្នេយ៍ ដែល​ធ្វើការងារ គាំទ្រដល់​ដំណើរការ និង​សកម្មភាព​នៅ​ក្នុង​ប្រទេសចំនួន ១១ រួម​បញ្ចូល​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ការិយាល័យ CDC អាមេរិក នៅ​កម្ពុជា គឺ​ជា​ផ្នែក​មួយ​របស់​​ស្ថាន​ទូតសហរដ្ឋ​​អាមេរិ​ក នៅ​ភ្នំពេញ ដែល​មាន​ប្រធាន​ គឺ​អ្នក​ស្រីវេជ្ជបណ្ឌិត Rachel Albalak ហើយដើរ​តួនាទី​សំខាន់​ក្នុងវិស័យសុខភាព​សាធារណៈ តាំង​ពី​ឆ្នាំ ២០០២ ដែលធ្វើការងារយ៉ាងសកម្ម​ក្នុងការ​ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង រួម​ទាំង​ជំងឺគ្រុនចាញ់ ជំងឺ​អេដស៍ និង​ជំងឺ​កូវីដ ១៩។

ក្រៅពីការិយាល័យថ្នាក់តំបន់ នៅអាស៊ីអាគ្នេយ៍ CDC ថែមទាំងបានបង្កើត ក្នុងពេលថ្មីៗ​នេះ នូវ​ការិយាល័យ​ប្រចាំ​តំបន់​ នៅអឺរ៉ុបខាងកើត/អាស៊ីកណ្តាល (ប្រទេសហ្សកហ្ស៊ី ឬ Georgia) តំបន់មជ្ឈឹមបូព៌ា/អាហ្វ្រិកខាងជើង (ប្រទេស អូម៉ង់) និង តំបន់អាមេរិកខាងត្បូង (ប្រទេសប្រេស៊ីល)។

To Top