ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្ឃឹមថា ការផ្សាភ្ជាប់ទំនាក់ទំនង រវាងគ្រឹះស្ថានអប់រំ កម្ពុជា-វៀតណាម នឹងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ។
លោកឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថានទូតវៀតណាម បញ្ចប់អាណត្តិការការងារនៅកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចក្រឡាហោម ស ខេង នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បានលើកឡើងថា ក្រោយពីបញ្ចប់អាណត្តិការងារនៅកម្ពុជា លោកនឹងបន្តខិតខំដើរតួនាទីក្នុងការផ្សាភ្ជាប់ទំនាក់ទំនងរវាង សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យកាន់ធើវៀតណាម ដើម្បីលើកកម្ពស់វិស័យអប់រំប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្ដេច ស ខេង បានថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ត្រី ចំពោះការខិតខំប្រឹងប្រែងផ្សាភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានអប់រំ គឺរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យកាន់ធើវៀតណាម។ សម្ដេចបន្តថា សម្ដេចផ្ទាល់ក៏ជាអ្នកផ្ដួចផ្ដើមកសាងសាកលវិទ្យាល័យធំៗ ៣នៅកម្ពុជា រួមមាន ៖ សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងសាកលវិទ្យាល័យត្បូងឃ្មុំ។
សម្ដេច បានបញ្ជាក់ថា «សង្ឃឹមដែរថា ការផ្សាភ្ជាប់ទំនាក់ទំនរវាងគ្រឹះស្ថានអប់រំប្រទេសទាំងពីរ នឹងរួមចំណែកជួយសម្រួលដល់ការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យបានកាន់តែល្អប្រសើរមួយកម្រិតថែមទៀត»៕


