ព័ត៌មានជាតិ

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំថ្មី ប្ដេជ្ញាថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

ភ្នំពេញ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំថ្មី ទើបទទួលភារកិច្ចនាពេលនេះ បានប្ដេជ្ញាចិត្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងជំរុញឲ្យផុលផុស ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។

ក្នុងពិធីប្រកាសមុខតំណែង អភិបាលខេត្តកំពង់ធំថ្មី ក្រោមអធិតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ លោក ងួន រតនៈ បានប្ដេជ្ញាចិត្តយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲបាន សម្រេចលទ្ធផលជាផ្លែផ្កា។

ជាពិសេស ចូលរួមយ៉ាងសកម្មខ្លាំងក្លា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល កំណែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងប្រកាន់ខ្ជាប់នូវ គោលការណ៍រដ្ឋបាលឯកភាព គណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និង ក្រុមប្រឹក្សាខេត្ត ។

លោក បានថ្លែងទៀតថា «នឹងខិតខំពង្រឹង ការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ព្រមទាំងជម្រុញឲ្យបានសកម្មផុលផុស ក្នុងការអនុវត្តគោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព សំដៅពង្រឹងស្ថេរភាព សន្តិសុខសង្គម រឹងមាំដើម្បីភាពសុខសាន្ត ជាឧត្តមប្រយោជន៍ដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរ ការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ច-សង្គម ដ៏ទៃទៀតមានដំណើរការធម្មតា និងរស់រវើក» ៕

To Top