ព័ត៌មានជាតិ

អភិបាល ខេត្តមណ្ឌលគិរីថ្មី ប្ដេជ្ញាទប់ស្កាត់បទល្មើស កាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ

ភ្នំពេញ ៖ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរីថ្មី បានប្ដេជ្ញាទប់ស្កាត់ បទល្មើសនានា ជាពិសស បទល្មើសធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់បទល្មើស កាប់ទន្ទ្រានដីព្រៃយក ធ្វើជាកម្មសិទ្ធិខុសច្បាប់។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តមណ្ឌលគិរី ថ្មី ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក ថង សាវុន បានថ្លែង ថា «ប្ដេជ្ញាយកចិត្តទុកដាក់ ការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ខិតខំទប់ស្កាត់បទល្មើស នានា ជាពិសស បទល្មើសធនធាន ធម្មជាតិ ការកាប់ទន្ទ្រានដីព្រៃ យកធ្វើជាកម្មសិទ្ធិខុសច្បាប់ បទល្មើសគ្រឿងញៀន និងអាវុធជាតិផ្ទុះខុសច្បាប់ ព្រមទាំងការដោះស្រាយ បញ្ហាវិវាទដីធ្លី ដែលកើតមាន ក្នុងភូមិសាស្រ្តខេត្ត»។

លោកប្ដេជ្ញាទៀត ថា និងខិតខំពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តា ខេត្តជាប់ព្រំដែន របស់វៀតណាម ក្នុងភាពជាមិត្តជិតខាង ភូមិផងរបងជាមួយគ្នា សំដៅថែរក្សាការពារ បូរណភាពទឹកដី អធិបតេយ្យភាព ជំរុញកិច្ចអភិវឌ្ឍន៍នៅ តាមតំបន់ព្រំដែន សហការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ ព្រមទាំង ពង្រឹងការធ្វើចត្តាឡីស័ក ឲ្យបានហ្មត់ចត់ ចំពោះការធ្វើដំណើរ របស់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសឆ្លងកាត់ព្រំដែនចូលមកកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងនូវជំងឺកូវីដ-១៩ ៕

To Top