ព័ត៌មានជាតិ

ពលរដ្ឋ ត្រូវស្មោះត្រង់ ក្នុងការប្រាប់មន្ដ្រីពេទ្យថា ខ្លួនបាត់កាតចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវមានភាពស្មោះត្រង់ ក្នុងការប្រាប់មន្ដ្រីពេទ្យថា ខ្លួនបាត់កាតចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះមានពលរដ្ឋមួយចំនួន មិនបានចាក់វ៉ាក់សាំង តែទៅសុំកាតចាក់វ៉ាក់សាំង ដោយប្រាប់ថា ខ្លួនបាត់កាត។

ក្រោយបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យគ្រប់ៗគ្នាតាមការកំណត់។

លោកស្រី បានថ្លែងថា «ប្រជាពលរដ្ឋបាត់កាតចាក់វ៉ាក់សាំង យើងមិនឲ្យក្លាយទៅជារបាំងសម្រាប់បងប្អូន ក្នុងការចាក់វ៉ាក់សាំងទេ។ ប៉ុន្ដែអ្វីដែលសំខាន់ ខ្ញុំសំណូមពរថា យើងចង់បានភាពស្មោះត្រង់ ព្រោះ មានអ្នកបាត់កាតចាក់វ៉ាក់សាំងពិតប្រាកដ ដោយសារគាត់ជ្រុះបាត់ ដោយសារមានអ្នកលូកកាបូប ឬរកមិនឃើញ ហើយក៏មានអ្នកចង់បានកាត តែកាតគាត់មានក្នុងដៃ គាត់ចង់បានកាតថ្មី គាត់ប្រាប់ថា បាត់ហើយ សុំធ្វើកាតថ្មី»។

លោកស្រី បានបន្ដថា «អ្នកខ្លះ ខ្លួនឯងអត់បានចាក់វ៉ាក់សាំង តែលើកឡើងថា ខ្ញុំចង់បានកាត ដោយសារខ្ញុំបាត់កាតចាក់វ៉ាក់សាំង។ ប៉ុន្ដែខ្លួនឯង អត់បានចាក់វ៉ាក់សាំងផង ទៅសុំកាត ព្រោះថា តម្រូវការ កាតចាក់វ៉ាក់សាំងច្រើន ដោយសារផ្សារជាច្រើន ត្រូវការកាតចាក់វ៉ាក់សាំង»។

លោកស្រី រដ្ឋលេខាធិការ បានលើកឡើងថា អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសទី១ ឬទី២ រួចហើយនោះ ពេលបាត់កាត អាចទៅចាក់វ៉ាក់សាំង ដូសទី៣បាន ព្រោះថា «ឈ្មោះយើង មានក្នុងប្រព័ន្ធកុំទ្យូទ័រ » ដូច្នេះអាចស្នើសុំធ្វើកាតថ្មីបាន។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៣.៥២៧.៩៧៨នាក់៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top