ព័ត៌មានជាតិ

អគ្គលេខាធិការង សសកច ស្នើមិត្តចិនផ្ដល់លទ្ធភាព ដើម្បីជួយដល់បណ្ដាញផ្សព្វផ្សាយនៅកម្ពុជា

ភ្នំពេញ ៖ លោក សយ សុភា អគ្គលេខាធិការង នៃសមាគមសារព័ត៌មាន កម្ពុជា-ចិន (សសកច) និងជានិពន្ធនាយក មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល បានស្នើមិត្តចិនគួរតែជួយផ្ដល់លទ្ធភាព ឬមធ្យោបាយណាមួយ ដើម្បីជួយដល់បណ្ដាញផ្សព្វផ្សាយកម្ពុជា ឲ្យបន្ដនិរន្ដរភាព បន្ថែមទៀត។

ក្នុងសិក្ខាសាលាកម្រិតខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយប្រទេសមេគង្គ-ឡានឆាង (កម្ពុជា) នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក សយ សុភា បានថ្លែងថា ក្នុងក្របខណ្ឌប្រទេសមេគង្គ-ឡានឆាង ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានល្អទៅមុខទៀត គឺមិត្តចិនរិះរកមធ្យោបាយតាមលទ្ធភាព ដែលអាចធ្វើទៅបាន ជួយការគាំទ្រទៅលើផ្នែកពាណិជ្ជកម្ម។

លោក បានបញ្ជាក់ថា «ក្នុងកិច្ចសហប្រតិបត្តិការរវាងអ្នកកាសែត កម្ពុជា-ចិន ក្នុងក្របខណ្ឌប្រទេសមេគង្គ-ឡានឆាង នេះ ខ្ញុំសូមស្នើថា មិត្តចិនគួរតែផ្ដល់ លទ្ធភាព ឬក៏មធ្យោបាយណាមួយ ដើម្បីជួយដល់បណ្ដាញផ្សព្វផ្សាយ របស់យើង (កម្ពុជា) ឲ្យមានលទ្ធភាពក្នុងការបន្ដនិរន្ដភាព ក្នុងការផ្សព្វផ្សាយ»។

ជាងនេះទៅទៀត លោក សយ សុភា ក៏បានជឿជាក់ថា ការផ្សព្វផ្សាយ ក្នុងក្របខណ្ឌកិច្ចសហប្រតិ្តបត្តិការរវាង មេគង្គ-ឡានឆាង ជាមួយកម្ពុជា ដែលកំពុងរៀបចំសក្ខាសាលាថ្ងៃនេះ គឺជាឱកាសល្អមួយបន្ថែមទៀត ដើម្បីបង្ហាញ​​ ក្នុងការផ្សព្វផ្សាយរវាង កម្ពុជា-ចិន នៅចំណងមិត្តភាព រវាងប្រទេសទាំងពីរ ផងដែរ៕

To Top