ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ព្រមានមានវិធានការច្បាប់ ចំពោះមន្ត្រីនគរបាលណា ពាក់ពន្ធ័បទល្មើស នាំមនុស្សឆ្លងដែន ខុសច្បាប់ និងបទល្មើស ជួញដូរថ្នាំញៀន

បន្ទាយមានជ័យ : លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែង ព្រមានចំៗ ចំពោះមន្ត្រីនគរបាល ដែលឈរជើង តាមបន្ទាត់ព្រំដែលកម្ពុជា-ថៃ ថាក្នុងនាមជានគរបាលជាតិ ដាច់ខាត មិនត្រូវ ពាក់ពន្ធ័ជាមួយឈ្មួញឬបទល្មើស ជួញដូរថ្នាំញៀន និងមេខ្យល់នាំមនុស្ស ឆ្លងដែនខុសច្បាប់ឡើយ បើរកឃើញបទល្មើស នៅគោលដៅណា លោកនឹងមានវិធានការ តាមច្បាប់និងបញ្ជូន ទៅតុលាការតែប៉ុណ្ណោះ។

ការថ្លែងនេះ ត្រូវបានធ្វើឡើង កាលពីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាស ដែលលោកឧត្តមសេនីយ៍ស្នងការ អញ្ជើញចុះត្រួតពិនិត្យស្ថានភាព តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងបើកកិច្ចប្រជុំពង្រឹង ប្រសិទ្ធភាព ការងារប្រចាំថ្ងៃ របស់នគរបាល ការពារព្រំដែន នៅទីបញ្ជាការវរនគរបាល ការពារព្រំដែនគោក៨០៧ ច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះមានការអញ្ជើញ ចូលរួមពី លោកលោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ និងមេបញ្ជាការវរការពារ ព្រំដែនគោកទាំង៤ផងដែរ ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញឲ្យគ្រប់មេបញ្ជាការវរះ ត្រូវមានសាមគ្គីផ្ទៃក្នុង ពង្រឹងប្រសិទ្ធភាពកម្លាំង សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ពន្ធ័ និងភាគីថៃឲ្យបានល្អ ដើម្បីបង្កលក្ខណ:ងាយស្រួលក្នុងការធ្វើការងារ ។ កម្លាំងទាំងអស់ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសគឺបទល្មើស ១-ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់(ពលករចំណាកស្រុក មេខ្យល់) ២-បទល្មើសសេដ្ឋកិច្ច (ទំនិញគេចពន្ធ និងរថយន្តចង្កូតស្តាំ) ៣-បទល្មើសជួញដូរគ្រឿងញៀន។

ក្រៅពីនេះលោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់ចេញនូវបទបញ្ជា ឲ្យកម្លាំងនគរបាលព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងប្រសិទ្ធភាពការងារ ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង កសាងប៉ុស្តិ៍ ជំរក សម្ភារ: បរិក្ខាទ័ព គ្រប់គ្រងគ្រាប់/អាវុធ បង្កបង្កើនការ ដាំដំណាំ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ដល់ការហូបចុកប្រចាំថ្ងៃ ដើម្បីលើកស្ទួយជីវភាព នគរបាលតាមព្រំដែន ឲ្យកាន់តែមានភាពប្រសើរឡើង៕ ដោយ ប៊ុន សំណាង

To Top