ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យប្រើប្រាស់កាត ចាក់វ៉ាក់សាំងថតចម្លង សម្រាប់សិស្ស ពេលចូលរៀន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង អភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យ និងយកចិត្តទុកដាក់ការប្រើប្រាស់កាតចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងនោះសម្រាប់ សិស្សានុសិស្ស ត្រូវថតចម្លង នៅពេលចូលរៀន ។

តាមរយៈសារសំឡេង នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ បានមានប្រសាសន៍ថា កុមារា-កុមារី បានប្រើប្រាស់កាតចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្ហាញនៅពេលខ្លួនចូលរៀន ប៉ុន្តែបើសិនប្រើ នៅពេលចូលរៀននោះ ធ្វើឲ្យកាតខូច ឬបាត់បង់ ជាយថាហេតុ នាំឲ្យពិបាកធ្វើឡើងវិញ ព្រោះការធ្វើកាតបានប្រើពេលវេលាយូរ ដូច្នេះ គួរតែថតចម្លងកាតឲ្យកូនសិស្សពាក់វិញ ដើម្បីបង្ការខូច ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំគិតថា បើសិនយើងអនុញ្ញាត ឲ្យប្រើច្បាប់ដើម សម្រាប់ការបញ្ជូន ឲ្យពាក់កាត ទៅចូលរៀនបែបនេះ ប័ណ្ណចាក់វ៉ាក់សាំង របស់យើងអាចនឹងត្រូវខូចខាត ឬបាត់បង់ ។ ម្យ៉ាងទៀត កុមារា-កុមារី គឺខ្វះការថែទាំ បើសិនមានមេឃភ្លៀង ក៏អាចជួបការលំបាក។ ក្នុងន័យនេះ ខ្ញុំសូមស្នើឲ្យមានការពិចារណា បន្ទាប់ពីនេះគប្បីប្រើប្រាស់ប័ណ្ណ ដែលថតចម្លង ហើយរក្សាប័ណ្ណទុកនៅផ្ទះ ដោយសុវត្ថិភាព ហើយប័ណ្ណថតចម្លងគឺប្រើប្រាស់សម្រាប់ចូលរៀន» ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បានបន្ដថា ការប្រើប្រាស់ប័ណ្ណចាក់វ៉ាក់សាំងថតចម្លង គឺជៀសវាងការបាត់ ឬខូច ដូច្នេះ ស្នើក្រសួងអប់រំ យុវជន និងកីឡា និងអភិបាលរាជធានី-ខេត្ត ធ្វើការពិនិត្យ និងដោះស្រាយបញ្ហាទាំងនេះ។ សម្ដេច ក៏បានណែនាំមាតា-បិតា ទៅថតចម្លងកាតចាក់វ៉ាក់សាំង បើគ្មានលទ្ធភាពថតចម្លងទេ ឲ្យសាលារៀនជួយថតចម្លង ដើម្បីឲ្យកុមារា-កុមារី ប្រើប្រាស់កាតចាក់វ៉ាក់សាំង ថតចម្លង។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ផ្នែកចាក់វ៉ាក់សាំង ខិតខំធ្វើកាត និងដាក់ឈ្មោះឲ្យបានត្រឹមត្រូវ ទាំងភាសាខ្មែរ និងអង់គ្លេស ព្រោះថា មន្ដ្រី និងប្រជាពលរដ្ឋខ្មែរ មួយចំនួន ចេញទៅក្រៅប្រទេស ៕

To Top
×