ព័ត៌មានជាតិ

ឧបការីអគ្គលេខាធិការ UN សរសើរកម្ពុជា ចំពោះវឌ្ឍនភាព ជាលំដាប់ ចូលរួមយ៉ាងធំធេង រក្សាសន្តិសុខអន្តរជាតិ

ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ លោក ឃែលិដ ឃៀរី ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានលើកសរសើរកម្ពុជា ចំពោះវឌ្ឍនភាព ជាលំដាប់ ការចូលរួមយ៉ាងធំធេង ក្នុងការរក្សាសន្តិសុខអន្តរជាតិ និងការគាំទ្រពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ។

យោងតាមសេចក្តីប្រកាស របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលពីថ្ងៃទី១០ វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលលោក ឃែលិដ ឃៀរី (Khaled Khiari) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឈឹមថា បទពិសោធន៍របស់កម្ពុជា អាចត្រូវបានចែករំលែក ក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាពក្នុង និងក្រៅតំបន់ ។

សេចក្តីប្រកាសបញ្ជាក់ថា «លោក ឃែលិដ ឃៀរី បានលើកសរសើរកម្ពុជា ចំពោះវឌ្ឍនភាព ជាលំដាប់ ការចូលរួមយ៉ាងធំធេង ក្នុងការរក្សាសន្តិសុខ អន្តរជាតិ និងការគាំទ្រពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ។ លោក ក៏បានកោតសរសើរកម្ពុជា ចំពោះយុទ្ធនាការចាក់ វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ ដ៏ជោគជ័យដែលនាំមកនូវការស្តារឡើងវិញ ដ៏ល្អនាពេលខាងមុខ និងគូសបញ្ជាក់អំពីការត្រៀមរួច ជាស្រេចរបស់អង្គការ សហប្រជាជាតិ ក្នុងការគាំទ្រដល់ការ អភិវឌ្ឍប្រកបដោយ ចីរភាពក្នុងប្រទេសកម្ពុជា» ។

ចំពោះតួនាទីកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ ប្រមុខការទូតខ្មែរ បានលើកពីអាទិភាព ដែលកម្ពុជា បានកំណត់ដើម្បីកសាង សហគមន៍អាស៊ានបន្ថែមទៀត ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ។

ចំពោះភាពដៃគូសន្ទនា គ្រប់ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ ដែលឈានដល់ខួបអនុស្សាវរីយ៍ លើកទី១០ នៅឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី និង លោក ឃែលិដ ឃៀរី បានពិភាក្សាអំពីការពន្លឿន កិច្ចសហប្រតិបត្តិការ អាស៊ាន-អង្គការសហប្រជាជាតិ ក្នុងវិស័យមួយចំនួន ដែលមានកំណត់ ក្នុងក្របខ័ណ្ឌ ស្តារឡើងវិញគ្រប់ជ្រុងជ្រោយ របស់អាស៊ាន ការបង្រួមគម្លាតអភិវឌ្ឍក្នុងអាស៊ាន តាមរយៈការអនុវត្តផែនការ ការងារ IAI ទី៤ និងផែនការមេស្តីពីការតភ្ជាប់ អាស៊ានឆ្នាំ២០២៥ សុខុមាលភាពពលករចំណាកស្រុក ស្ត្រីក្នុងរបៀបវារៈសន្តិភាព និងសន្តិសុខ និងការគាំទ្រមជ្ឈមណ្ឌល តំបន់អាស៊ាន សម្រាប់សកម្មភាពមីន (ARMAC) ៕

To Top