ព័ត៌មានជាតិ

របាយការណ៍៖ អតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូប បានកាប់បំផ្លាញយក ដីព្រៃលិចទឹកជាង ២ពាន់ហិកតា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បើតាមរបាយការណ៍របស់រាជបណ្ឌិត្យសភាកម្ពុជា អតីតអភិបាលខេត្តកំពង់ឆ្នាំងមួយរូប បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ជាង២ពាន់ហិកតា។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យអ្នកពាក់ព័ន្ធ ត្រូវដកហូតដីព្រៃលិចទឹកទាំងនោះ យកមកវិញជាបន្ទាន់។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បានថ្លែងថា «ខ្ញុំចេញបញ្ជាឲ្យដកត្រឡប់យកមកវិញទាំងអស់ នូវដីទាំងឡាយដែលបានកាប់រួចមកហើយ ដូចជា នៅខេត្តកំពង់ឆ្នាំង ប្រសិនបើរបាយការណ៍នេះខុស (របាយការណ៍របស់លោក សុខ ទូច) ក៏ខ្ញុំសូមអាធ្យាស្រ័យ លឺថា អតីត អភិបាលខេត្តដែលទើបចាកចេញពីដំណែង ក្នុងប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណជាង ២ពាន់ហិកតា ឯណោះ ដូច្នេះខ្ញុំមិនគិតថា មិនខ្វល់ថា វាជាដីអតីតអភិបាលខេត្ត ទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវប្រមូលយកដីនេះវិញទាំងអស់ ហើយដីនោះជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញ នៅពេលក្រោយ»។

សម្ដេចតេជោ បានបន្ដថា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ត្រូវធ្វើកិច្ចការងារទាំងនេះបន្ទាន់ ដើម្បីបែងចែកភារកិច្ចគ្នា ព្រោះថា ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរ បានបោះព្រំដី ដែលបានកំណត់តំបន់ត្រូវការពារ ដែលគ្មាននរណាមួយប៉ះពាល់បានឡើយ។ សម្ដេចថា ត្រូវដកហូតដីព្រៃខុសច្បាប់ មកវិញទាំងអស់ ទាំងមន្ដ្រី និងប្រជាជន។
សម្ដេចតេជោ ក៏បានបញ្ជាឲ្យ លោក សៅ សុខា ត្រូវដឹកនាំកម្លាំងជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាដីព្រៃលិចទឹក ក្នុងខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់គ្រប់មធ្យាបាយ៕

To Top
×