ព័ត៌មានជាតិ

ជម្រះបណ្តឹងឧទ្ធរណ៍ ជនជាប់ចោទប្រុស- ស្រី២នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ជិត៣គីឡូក្រាម នៅខេត្តបាត់ដំបង

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទ២ នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរ និង ដឹកជញ្ជូនជួញដូរញៀនប្រមាណ៣ គីឡូក្រាម ប្រព្រឹត្តនៅក្នុងក្រុងបាត់ដំបខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះស បានថ្លែងអោយដឹង ថា ជនជាប់ចោទទាំង២នាក់ មានឈ្មោះ ឈ្មោះ តាត គីរី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ និង ម្នាក់ទៀត មានឈ្មោះ ពុំ ស៊ន ភេទស្រី អាយុ៦១ឆ្នាំ ។ ពួកគេទាំង២ មានទីលំនៅ សង្តាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

លោកចៅក្រមបានថ្លែងបន្តថា ក្នុងចំណោម ពួកគេទាំង២នាក់ ជនជាប់ចោទ ឈ្មោះតាត គីរី ត្រូវបានសាលាដំបូងខេត្តបាត់ដំបង ដាក់ពន្ធធានាគារ កំណត់ ១៨ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៣០លានរៀល ។ ចំណែកឯឈ្មោះ ពុំ ស៊ន ត្រូវជាប់គុក កំណត់ ២៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០លានរៀល សម្រាប់ដាក់ចូលថវិការរដ្ឋ។

ពួកគេត្រូវជាប់ចោទពីបទ: ” រក្សាទុក, ដឹកជញ្ជូន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តែពួកគេទាំង២នាក់ បានប្តឹងឧទ្ធរណ៍ ។

ផ្ទាំងពាណិជ្ជកម្ម

ជនជាប់ចោទទាំង២ ត្រូវបានចាប់ឃាត់ខ្លួន ដោយ កម្លាំងអាវុធហត្ថ កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅសង្តាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ។

សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៣ថង់ធំ មានទម្ងន់ជិត៣ គីឡូក្រាម ពីពួកគេ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ ២០២១៕

ដោយ រស្មី អាកាស

To Top
×