ព័ត៌មានជាតិ

លោក សេង សារី៖ ត្រូវចូលរួមការពារ ដីព្រៃលិចទឹកពីគ្រប់ភាគី ទើបមានប្រសិទ្ធភាពរយៈពេលវែង ខណៈលោកថា អ្នកបំពានជាមន្រ្តីធំៗ (Video)

ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍សង្គម លោកបណ្ឌិត សេង សារី បានគាំទ្រ បទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប៉ុន្តែលោកថា ដើម្បីឲ្យមានប្រសិទ្ធភាពរយៈពេលវែង ក្នុងការការពារពីការកាប់ទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាប ត្រូវតែមានការចូលរួមពីគ្រប់ភាគី ព្រោះ ភាគច្រើនអ្នកបំពានសុទ្ធតែជាមន្រ្តីធំៗ ។

ការថ្លែងរបស់លោកនេះ ក្រោយពីរកឃើញថា អតីតអភិបាលខេត្តកំពង់ឆ្នាំង បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងជាង ២ពាន់ហិកតា។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន បានទទួលរបាយការណ៍ ពីរាជបណ្ឌិត្យសភាកម្ពុជា ។ ភ្លាមៗក្រោយទទួលរបាយការណ៍ និងពិនិត្យគ្រប់ជ្រុងជ្រោយហើយ សម្តេចតេជោ ក៏បានដាក់ចេញបទបញ្ជា ជាបន្ទាន់ឲ្យចាប់ខ្លួនអ្នកពាក់ព័ន្ធផ្សេងៗទៀត ដែលបានកាប់ដីព្រៃលិចទឹក នៅខេត្តដទៃទៀត ក្នុងតំបន់ទន្លេសាប ដោយការរឹបអូសទ្រព្យសម្បត្តិរដ្ឋមកវិញ ។

លោកបណ្ឌិតបានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ លោកគាំទ្រចំពោះការដាក់ចេញ បទបញ្ជារបស់សម្តេចតេជោ ប៉ុន្តែយន្តការនេះ អាចមានប្រសិទ្ធភាពត្រឹមតែ រយៈពេលខ្លីប៉ុណ្ណោះ។ តែដើម្បីឲ្យមានប្រសិទ្ធភាពរយៈពេលវែង គួរតែឲ្យមានការចូលរួម ការពារពីសហគមន៍ ជាពិសេសសហគមន៍ដែល នៅតាមមូលដ្ឋានព្រៃលិចទឹកតែម្តង ។

លោកសង្កត់ធ្ងន់ថា “បើយើងសង្កេតមើលដើមចម អ្នកដែលមានលទ្ធភាព ទន្ទ្រានដីព្រៃលិចទឹកនៅជាប់ បឹងទន្លេសាបហ្នឹង គឺមិនមែនប្រជាជនទេ គឺសុទ្ធតែជាមន្រ្តីធំៗរបស់ រដ្ឋាភិបាលដោយសារគាត់ ទៅបំពានអំណាចរបស់ពលរដ្ឋ ដែលមានសិទ្ធិនៅក្នុងការ ការពារធនធានធម្មជាតិ” ។

ផ្ទាំងពាណិជ្ជកម្ម

លោកថា បន្ទាប់កិច្ចអន្តរាគមន៍ របស់សម្តេចតេជោរួចហើយ គួរតែបង្កើតយន្តការថ្មីមួយ ដើម្បីការពារព្រៃលិចទឹក ដោយមានការចូលរួមពីគ្រប់ភាគី ក្នុងនោះមានខាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងពលរដ្ឋ ។

លោកសេង សារីបញ្ជាក់ថា “ការចូលរួមពីគ្រប់ភាគីនេះ វាមានប្រសិទ្ធភាពរយៈ ពេលវែងជាងបទអន្តរាគមន៍ ឬក៏បទបញ្ជារបស់នាយករដ្ឋមន្រ្តី ក្នុងដំណាក់កាលម្តងៗ” ។

បន្ទាប់ពីដាក់ចេញបទបញ្ជា ពីនាយករដ្ឋមន្រ្តីកម្ពុជាហើយ ស្ថាប័នពាក់ព័ន្ធនិងអភិបាលខេត្ត ដែលជាប់បឹងទន្លេសាបបាន ចេញសកម្មភាពជាបន្ទាន់ ក្នុងការបង្ក្រាបនិងដកហូត យកដីរដ្ឋក្នុងព្រៃលិចទឹកមកវិញ ជាបន្តបន្ទាប់។ ជាក់ស្តែង ខេត្តកំពង់ឆ្នាំងជាទី ដែលមានបទល្មើសទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកមុនគេនោះ គឺបានដកហូតដីជិត ២០០០ហិកតា ៕

To Top
×