ព័ត៌មានជាតិ

ទស្សនៈនិងមតិ៖ជារឿងអយុត្តិធម៌បំផុត បើមន្រ្តីខិលខូច ទន្រ្ទាន យកដីព្រៃលិចទឹក អាចរួចខ្លួន ដោយគ្រាន់តែ ប្រគល់ដីឱ្យរដ្ឋវិញ (Video)

ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យមន្រ្តីជំនាញអន្តរក្រសួង និងកងកម្លាំងប្រដាប់អាវុធចាត់វិធានការទប់ស្កាត់ និងបង្រ្កាបបទល្មើសរំលោភទន្ទ្រានយកដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ហើយ វិធានការក្ដៅនេះទទួលបានការសាទរនិងគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋនៅទូទាំងនគរ។

ប៉ុន្តែវាជារឿងអយុត្តិធម៌បំផុតប្រសិនបើមន្រ្តីខិលខូចមួយចំនួនដែលរំលោភទន្ទ្រានយកដីព្រៃលិចទឹកក្នុងម្នាក់ៗរាប់រយហិកតាអាចត្រូវបានរួចខ្លួន និងគេចផុតពីសំណាញ់ច្បាប់ ដោយគ្រាន់តែពួកគេយល់ព្រមប្រគល់ដីទាំងនោះទៅឱ្យរដ្ឋវិញ ខណៈប្រជាពលរដ្ឋសាមញ្ញដែលគ្មានយស គ្មានស័ក្តិ ទន្រ្ទានយកដីព្រៃដូចគ្នាហើយត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ជាបន្តបន្ទាប់នោះ។

យោងតាមច្បាប់ស្ដីពីជលផល មាត្រា ៩៨ បានបញ្ជាក់ថា ការកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ត្រូវផ្តន្ទាទោសពី ៣ឆ្នាំ ទៅ ៥ឆ្នាំ ហើយវត្ថុតាងទាំងអស់ ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល។

ផ្ទាំងពាណិជ្ជកម្ម

ភ្លាមៗក្រោយមានបទបញ្ជាពីសម្ដេចនាយករដ្ឋមន្រ្តី មន្រ្តីអន្តរក្រសួង កម្លាំងប្រដាប់អាវុធ និងអភិបាលខេត្តជុំវិញបឹងទន្លេសាបបានដុតដៃដុតជើងចុះពិនិត្យស្រាវជ្រាវ និងបានវែកមុខអ្នករំលោភទន្រ្ទានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាបន្តបន្ទាប់ ដែលក្នុងនោះមួយចំនួនធំសុទ្ធសឹងជាមន្រ្តីរាជការ កងកម្លាំង និងអ្នកមានធនធាន។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋ គោរពស្នើដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធដែលចុះបង្រ្កាបបទល្មើសទន្រ្ទានយកដីព្រៃលិចទឹកនេះ សូមមានចំណាត់ការដោយស្មើភាពគ្នាចំពោះជនទុច្ចរិតដែលល្មើសច្បាប់ មិនត្រូវអនុវត្តន៍ច្បាប់មានស្ដង់ដារពីរ ដោះលែងអ្នកមានលុយ មានអំណាច និងបង្រ្កាបបានតែចំពោះពលរដ្ឋទន់ខ្សោយនោះឡើយ៕

To Top
×