ព័ត៌មានជាតិ

រកឃើញដីព្រៃលិចទឹកនៅតំបន់៣ ក្នុងខេត្តសៀមរាបជិត ២ពាន់ហិកតាត្រូវបានជនខិលខូច ទន្រ្ទានកាន់កាប់

ភ្នំពេញ៖តាមការស្រាវជ្រាវបឋមរបស់រដ្ឋបាលខេត្តសៀមរាបបានរកឃើញការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ចំនួន ១៨៧ទីតាំង ស្មើផ្ទៃដី ប្រមាណ ១,៩៧០.៨២២ ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ៣០ ក្នុងក្រុង-ស្រុកចំនួន ០៦។

យោងតាមហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ ក្នុងខេត្តសៀមរាបមានដូចជា៖

*ស្រុកក្រឡាញ់ មានឃុំចំនួន ០២ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១៩ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន២ទីតាំង ស្មើនឹង ២៨.៣០ ហិកតា នៅក្នុងឃុំចំនួន ០២ គឺឃុំសំបួរ និងឃុំស្រណាល។

*ស្រុកពួក មានឃុំចំនួន ០៦ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១៤ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ ចំនួន៩ទីតាំង ស្មើនឹង ៦៨,៧៦ ហិកតា នៅក្នុងឃុំចំនួន ០៤ គឺឃុំមុខប៉ែន ឃុំកែវពណ៌ ឃុំល្វា និងឃុំពួក។

*ក្រុងសៀមរាប មានសង្កាត់ចំនួន ០៧ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹង ទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៤០ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ៤០ ទីតាំង ស្មើនឹង ៨៩ ហិកតា ក្នុងសង្កាត់ចំនួន ០៧ គឺសង្កាត់ ក្របីរៀល សង្កាត់សំបួរ សង្កាត់ស្រង៉ែ សង្កាត់ស្វាយដង្គំ សង្កាត់ចុងឃ្លៀស សង្កាត់សៀមរាប និងសង្កាត់ជ្រាវ។

ផ្ទាំងពាណិជ្ជកម្ម

*ស្រុកប្រាសាទបាគង មានឃុំចំនួន០៥ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹង ទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ១,១៩៣ គ្រួសារ បានទន្ទ្រានកាន់កាប់ដី ក្នុងតំបន់៣ ចំនួន ១១ ទីតាំង ស្មើនឹង ១៨១.៣៨ ហិកតា នៅក្នុងឃុំចំនួន ០៣ គឺឃុំកំពង់ភ្លុក ឃុំរលួស និងឃុំកណ្តែក។

*ស្រុកសូទ្រនិគម មានឃុំចំនួន ០៤ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹង ទន្លេសាប មានប្រជាពលរដ្ឋសរុបចំនួន ៥៣ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ១៧ ទីតាំង ស្មើនឹង ១១០.៧៦ ហិកតា នៅក្នុងឃុំចំនួន០៣ គឺ ឃុំដានរុន ឃុំខ្ពស់ និងឃុំកំពង់ឃ្លាំង។

*ស្រុកជីក្រែង មានឃុំចំនួន ០៧ ស្ថិតនៅជាប់នឹងតំបន់ដីព្រៃលិចទឹកបឹងទន្លេ សាប មានប្រជាពលរដ្ឋសរុបចំនួន ៣៣០ គ្រួសារ បានទន្ទ្រានកាន់កាប់ដីក្នុង តំបន់៣ ចំនួន ២៨ ទីតាំង ស្មើនឹង ១,៤៣៦.៩៤ ហិកតា នៅក្នុងឃុំចំនួន០៧ គឺឃុំស្ពានត្នោត ឃុំអន្លង់សំណរ ឃុំឬស្សីលក ឃុំសង្វើយ ឃុំគោកធ្លកក្រោម ឃុំ ជីក្រែង និងឃុំល្វែងឬស្សី។

សូមរំលឹកថា កាលពីថ្ងៃទី២៨ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីពាក់ព័ន្ធ និងអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ភ្លាមៗក្រោយមានបទបញ្ជា ពីសម្ដេចនាយករដ្ឋមន្រ្តី មន្រ្តីអន្តរក្រសួង កម្លាំងប្រដាប់អាវុធ និងអភិបាលខេត្តជុំវិញបឹងទន្លេសាប បានដុតដៃដុតជើងចុះពិនិត្យស្រាវជ្រាវ និងបានវែកមុខអ្នករំលោភទន្រ្ទានយកដីព្រៃលិចទឹកជុំវិញ បឹងទន្លេសាបជាបន្តបន្ទាប់ ដែលក្នុងនោះមួយចំនួនធំជាមន្រ្តីរាជការ កងកម្លាំង និងអ្នកមានធនធាន៕

To Top
×