ព័ត៌មានជាតិ

ដាក់ចេញវិធានការ ១១ចំណុច ខណៈដីព្រៃលិចទឹកជាង ៥ពាន់ហិកតា ក្នុងខេត្តបន្ទាយមានជ័យ ត្រូវជនខិលខូច ទន្ទ្រានកាន់កាប់

ភ្នំពេញ ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញវិធានការចំនួន១១ចំណុចដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស ខណៈព្រៃលិចទឹក ជាង៥ពាន់ហិកតានៅតំបន់បឹងទន្លេសាប ក្នុងខេត្តបន្ទាយមានជ័យ ត្រូវជនខិលខូចទន្ទ្រានកាន់កាប់។

ការដាក់វិធានការទាំង១១ចំណុច នេះធ្វើឡើងក្នុងឱកាស លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំក្រុមការងារអន្តរក្រសួងពិនិត្យរបាយការណ៍ និងចាត់វិធានការបង្ក្រាបការទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ។

បើតាមហ្វេសប៊ុករបស់ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា យោងតាមការស្រាវជ្រាវបឋម របស់ខេត្ត បានរកឃើញការទន្ទ្រាននិងកាន់កាប់ដីរដ្ឋ ក្នុងតំបន់៣ មានចំនួន១១ទីតាំង ស្មើផ្ទៃដីប្រមាណ ៥ ៣៥០ហិកតា ស្ថិតនៅក្នុងឃុំចំនួន ២ ក្នុងស្រុក ព្រះនេត្រព្រះ ក្នុងនោះមាន៖

ឃុំប្រាសាទ បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ចំនួន ៣ទីតាំង ស្មើ ៦៥០ហិកតា ក្នុងនោះ មានត្រង់ចំណុចបឹងអាល្បង ប្រហែល១០០ហិកតា ចំណុចបឹងសំបុកសត្វប្រហែល ៥០០ហិកតា និងចំណុចបឹងជ្រោងប្រហែល ៥០ហិកតា ឃុំភ្នំលៀប បានទន្ទ្រានកាន់កាប់ដីក្នុងតំបន់៣ចំនួន ៨ទីតាំង ស្មើ ៤ ៧០០ហិកតា ក្នុងនោះមានចំណុចបឹងក្ងានប្រហែល៥០០ហិកតា ចំណុចបឹងក្ងានកើតប្រហែល៥០០ហិកតា ចំណុចក្នុង-ក្រៅអាងតាម៉ាកប្រហែល ១ ០៧០ហិកតា ចំណុចក្នុង-ក្រៅអាងលី សំអាន ប្រហែល ១ ២៥០ហិកតា ចំណុចក្នុង-ក្រៅអាងតាស៊ុន ប្រហែល ៧០០ហិកតា ចំណុច កៀនស្បូវដល់ក្រពើស្គមប្រហែល ៤៧០ ហិកតា និងចំណុចក្របៅប្រហែល ៣០០ហិកតា។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពី លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យរួចមក ប្រធានអង្គប្រជុំ បានសម្រេចដាក់ចេញនូវវិធានការចំនួន១១ ចំណុចដូចខាងក្រោម៖
១. ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដកហូតដីពីអ្នកមានអំណាច និងប្រជាជនចូលទន្ទ្រាន និងកាន់កាប់ទាំងអស់នៅតំបន់៣ មកវិញជាបន្ទាន់ និងត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
២.ត្រូវរក្សាទុកមួយអន្លើរសិននូវរាល់ក្បាលដីណា ដែលបានចេញបណ្ណកាន់កាប់ដី មុនឆ្នាំ១៩៩៨ និងឆ្នាំ១៩៩៩ កន្លងមក។
៣. ជូនអាជ្ញាធរទន្លេសាប ធ្វើការបោះបង្គោលព្រំមេ និងរងក្នុងតំបន់៣ នៅលើទីតាំងណាដែលមិនទាន់បានបោះ ឬបង្គោលដែលបានបាត់ ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបោះបង្គោលព្រំធំក្នុងតំបន់ការពារព្រៃលិចទឹក តាមអនុក្រឹត្យ ១៩៧ ដែលមានចំនួន ៤៨ បង្គោល។
៤. ជូនអាជ្ញាធរទន្លេសាប ធ្វើការដំឡើងប៉ាណូ បង្ហាញពីតំបន់ការពារនៅតាមចំណុចសំខាន់ៗ នៅទីតាំងបង្គោលដែលបានបោះ ។
៥. ជូនរដ្ឋបាលខេត្ត ទប់ស្កាត់ប្រជាជនមិនការចូលធ្វើការដាំដុះនៅក្នុងតំបន់៣ឡើយ ចាប់ពីពេលនេះតទៅ ។
៦. ជូនរដ្ឋបាលខេត្ត បន្តចុះស្រាវជ្រាវមុខសញ្ញាប្រជាជនខុសច្បាបដែលចូលទន្ទ្រាន និងកាន់កាប់ដីតំបន់៣ ខុសច្បាប់ ។
៧. ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ឲ្យធ្វើការប្រមូលផលស្រូវសិន ក្នុងករណីដែលស្រូវជិតប្រមូលផល ។
៨. ជូនព្រះរាជអាជ្ញាយកចិត្តទុកដាក់ ដោះស្រាយពាក្យបណ្តឹង ដែលមន្រ្តីនគបាលបានកសាង និងដាក់សំណុំរឿងរួចរាល់។
៩. ប្រគល់ជូនអាជ្ញាធរទន្លេសាប ដែលមានក្រសួងធនធានទឹក និងឧតុនិយម លើសំណើចុះបញ្ជីដីរដ្ឋក្នុងតំបន់៣ ជាបន្ទាន់ ។
១០. ជូនអាជ្ញាធរមូលដ្ឋានសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន ចាត់ចែងធ្វើការដាំដុះព្រៃលិចទឹកជាបន្ទាន់ ជាពិសេសដើមប្ញស្សី។
១១. រដ្ឋបាលខេត្ត ត្រូវធ្វើការប្រជុំបូកសរុបវាយតម្លៃពីសកម្មភាពការការពារ និងទប់ស្កាត់បទល្មើសការទន្ទ្រានកាន់កាប់ព្រៃលិចទឺកក្នុងតំបន់៣ ជារៀងរាល់បីខែម្តង និងប្រចាំឆ្នាំ ៕

To Top