ព័ត៌មានជាតិ

ប្រកាស លោកស្រី ស៊ាង វណ្ណលក្ខិណា ចូលកាន់តំណែង ជាប្រធានមន្ទីរ កិច្ចការនារីខេត្តកំពង់ចាម

កំពង់ចាម ៖ លោកស្រី ស៊ាង វណ្ណលក្ខិណា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាមក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៉ឹង កន្ថាផាវី និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។

អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ក្នុងឱកាសនោះថា ប្រធានមន្ទីរកិច្ចការនារីដែលទើបប្រកាសចូលកាន់តំណែងនៅពេលនេះ សូមឱ្យលោកស្រីប្រធាន ត្រូវខិតខំរក្សាសាមគ្គីភាពផ្ទៃក្នុង និងដឹកនាំធ្វើការងារឲ្យមានតម្លាភាព និងពង្រឹងប្រសិទ្ធភាពការងារឲ្យបានល្អប្រសើរ ។ ជាងនេះទៅទៀត សូមបន្តឲ្យមានទំនាក់ទំនងល្អ ជាមួយនឹងបណ្ដាមន្ទីរអង្គភាពផ្សេងៗ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុង-ស្រុក ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាពិសេស ការចាប់ដៃគូជាមួយនឹងអង្គការសង្គមស៊ីវិល ។

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៉ឹង កន្ថាផាវី បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រធានមន្ទីរថ្មី ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ត្រូវមានកិច្ចសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យបានល្អ ដើម្បីដឹកនាំមន្ទីររបស់ខ្លួនឆ្ពោះទៅ ការអនុវត្តយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក៏ដូចជា យុទ្ធសាស្ត្រនារីរតនៈទី ៥ ដើម្បីសម្រេចបានលទ្ធផលដែលបានរំពឹងទុក ។ ម្យ៉ាងទៀតធ្វើយ៉ាងណា ឱ្យមានសាមគ្គីភាពផ្ទៃក្នុង ត្រូវមានការគោរពគ្នាតាមឋានានុក្រម ប្រសិនបើ ជួបនូវការលំបាកផ្សេងៗ ប្រធានមន្ទីរ សូមសុំយោបល់ទទួលយកការណែនាំពី ថ្នាក់ដឹកនាំខេត្ត យកទៅដោះស្រាយឲ្យមានប្រសិទ្ធភាព ៕

To Top