ព័ត៌មានជាតិ

ផ្កាយ២ ភ្លន់ តារា ឆ្លើយដោះសារ យករួចខ្លួន និងទម្លាក់កំហុស ដាក់អ្នកដទៃ ពាក់ព័ន្ធករណី កាន់កាប់ដីព្រៃលិចទឹក

ភ្នំពេញ ៖ ក្នុងពេលចូលបំភ្លឺ ចំពោះមុខគណៈកម្មការបង្រ្កាប បទល្មើសកាប់ទន្រ្ទានដីព្រៃលិចទឹក តំបន់៣ ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១នេះ លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរងយោធភូមិភាគទី៥ បានឆ្លើយសារភាពថា ខ្លួនមានដីព្រៃលិចទឹកត្រឹម១០០ហិកតាតែប៉ុណ្ណោះ ដែលនេះ ជាការឆ្លើយដោះសារយករួចខ្លួន ខណៈផ្កាយ២យោធារូបនេះ ត្រូវបានគេដឹងថា ជាមេខ្លោងទន្រ្ទានដីព្រៃលិចទឹក ប្រមាណ៦០០ហិកតាឯណោះ។

ជាងនេះទៅទៀត ផ្កាយ២ ភ្លន់ តារា បានឆ្លើយទម្លាក់កំហុស ដាក់មេការទៅវិញ ថាមេការឈូសឆាយដីព្រៃលិចទឹក មិនបានឆ្លងយោបល់ពីខ្លួន ដែលជាមេកើយ ខណៈមេការរូបនោះ និងមេឃុំម្នាក់ត្រូវបានឃាត់ខ្លួន កាលពីពេលថ្មីៗនេះ ។

មហាជនសំណូមពរ ដល់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បើកការស៊ើបអង្កេត និង មានចំណាត់ការ លើផ្កាយ២ ភ្លន់ តារា ខណៈអ្នកទន្រ្ទានដី ព្រៃលិចទឹក ឱ្យផ្កាយ២រូបនេះ ត្រូវបានឃាត់ខ្លួនរួចអស់ហើយ ហេតុអ្វីបានជាសមត្ថកិច្ច និង ACU គ្មានចំណាត់ការចំពោះលោក ភ្លន់ តារា ដែលជាមេខ្លោង ។

យោងតាមរបាយការណ៍ របស់គណៈកម្មការអន្តរក្រសួង ចុះបង្រ្កាបបទល្មើស រំលោភទន្រ្ទានដីព្រៃលិចទឹក តំបន់បឹងទន្លេសាប បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរង យោធភូមិភាគទី៥ បានកាប់បំផ្លាញព្រៃលិចទឹក និងទន្រ្ទានយកដី ដោយខុសច្បាប់ ប្រមាណ៦០០ហិកតា នៅតំបន់៣ ខេត្តបន្ទាយមានជ័យ ។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ ភ្លន់ តារា អតីតមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ក៏បានប្រមូលយកដីចំនួន ១៥០ហិកតា នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្រាប់កងទ័ពបង្កបង្កើនផល និងចិញ្ចឹមសត្វទៅលក់ឲ្យឈ្មួញជាបន្តបន្ទាប់ ចាប់ពីអំឡុងឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៦ ៕

To Top