ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ-សិង្ហបុរី សោកស្តាយចំពោះការ លើកពេលកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅសៀមរាម

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ និងលោកបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី បានបង្ហាញការសោកស្តាយដូចគ្នា ចំពោះកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន(AMM Retreat) ដែលគ្រោងធ្វើឡើងនៅខេត្តសៀមរាម នាថ្ងៃ១៨-១៩ខាងមុខ ត្រូវបានលើកពេល ។

យោងតាមហ្វេសប៊ុករបស់ លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានឲ្យដឹង នាថ្ងៃ១៣ មករា ថា “នៅរសៀលនេះ ខ្ញុំបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ ដោយត្រង់ទៅត្រង់មក និងក្នុងន័យស្ថាបនា។ យើងទាំងពីរសោកស្តាយ ដែលកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើនៅខេត្តសៀមរាប ត្រូវបានលើកទៅពេលក្រោយ” ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏លោកប្រាក់ សុខុន រីករាយដែលសិង្ហបុរីគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រាស្រ័យទាក់ទង ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ចំណុច ឲ្យបានពេញលេញ និងទាន់ពេលវេលា។

លោកបន្តសង្ឃឹមថា នឹងអាចចូលរួមចំណែកតាម ដែលអាចធ្វើទៅបាន ដើម្បីជួយមីយ៉ាន់ម៉ាវិល ទៅរកជីវភាពធម្មតាវិញ ។

កាលពីថ្ងៃ១២ មករា លោក កុយ គួង បានឲ្យដឹងថា ការលើកពេលកិច្ចប្រជុំនេះ ដោយសារមកពីរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាច្រើនរូបមានការលំបាក ក្នុងការធ្វើដំណើរ មកចូលរួមក្នុងកិច្ចប្រជុំ។

ប៉ុន្តែអ្នកឃ្លាំមើលសង្គម ដាក់ការសង្ស័យថា “កម្ពុជាត្រូវលើកពេលប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាននេះ អាចមកពីរឿងនយោបាយ មិនមែនមកពីរឿងបច្ចេកទេស ឬធុរៈបន្ទាន់នោះទេ ព្រោះជំហរកម្ពុជាដែល ជាប្រធានប្តូរវេនអាស៊ាន ក្នុងរឿងភូមា គឺដើរបញ្ច្រាសទិសពី សមាជិកអាស៊ានជាច្រើន”។ នេះបើតាមការចេញផ្សាយ របស់វិទ្យុអាស៊ីសេរី ៕

To Top