ព័ត៌មានជាតិ

កម្ពុជាជំរុញឱ្យរៀបចំប្រព័ន្ធរួម មួយសម្រាប់ទទួលស្គាល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់ដូស ក្នុងតំបន់អាស៊ាន

ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន សិក្សានិងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ ទទួលស្គាល់ ពីការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ គ្រប់ដូស នៅក្នុងតំបន់អាស៊ាន។

ថ្លែងក្នុងពិធីបើកវេទិកាទេសចរណ៍ អាស៊ានលើកទី៤០ (ATF 2022) នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នសុខាភិបាលអាស៊ាន ត្រូវធ្វើការសិក្សា និងរៀបចំនូវប្រព័ន្ធរួមមួយ សម្រាប់ការបញ្ជាក់ ទទួលស្គាល់ ពីការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ គ្រប់ដូស (Vaccination Passport ឬ Digital Health Pass) នៅក្នុងតំបន់អាស៊ាន និងស្នើឱ្យអាស៊ាន គិតគូរពិចារណា ក្នុងការសម្រួលលក្ខខណ្ឌនៃការ ធ្វើដំណើរទេសចរណ៍ ជាបណ្តើរៗឡើងវិញ ដោយឈរលើគោលការណ៍នៃការប្រុង ប្រយ័ត្នខ្ពស់»។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងរយៈពេលខ្លីអាស៊ានក៏ត្រូវគិតគូរ ជំរុញចលនាទេសចរណ៍ ផ្ទៃក្នុងអាស៊ានបន្ថែមទៀត ស្របតាមទស្សនៈ “អាស៊ានដើម្បីអាស៊ាន (ASEAN For ASEAN) ហើយសម្ដេចតេជោ គាំទ្រទាំងស្រុង នូវគំនិតផ្ដួចផ្ដើមបើកទេសចរណ៍ផ្ទៃ ក្នុងអាស៊ាន ក៏ដូចជាបើកតំបន់ ទាំងមូល ដើម្បីទទួលស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សម្ដេចតេជោ បានគាំទ្រឱ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ពិភាក្សា និងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ (Reopening of ASEAN Tourism) នៅថ្ងៃស្អែក ចេញពីក្រុងព្រះសីហនុ ។ ទន្ទឹមនេះ ដើម្បីធានានូវជោគជ័យនៃការបើកទទួលទេសចរអន្តរជាតិឡើងវិញគឺចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់ និងទំនុកចិត្តថា ជា “គោលដៅទេសចរណ៍អាស៊ាន មានសុវត្ថិភាពដោយឈរលើអត្រានៃការចាក់វ៉ាក់សាំង ជាសូចនាករគោល ។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រនូវកម្មវិធី “ទេសចរណ៍វ៉ាក់សាំង” ដែលបានដាក់ចេញ នៅតាមបណ្តាប្រទេសអាស៊ាន និងការដាក់ចេញយុទ្ធនាការ “អាស៊ានជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្ដៅ និងសុវត្ថិភាព៕

To Top