ព័ត៌មានជាតិ

រដ្ឋមន្ដ្រីពាណិជ្ជកម្មខ្មែរ ប្រាប់អារ៉ាប់រួមថា កម្ពុជាមានធនធានធម្មជាតិជាច្រើន និងកសិផលរាប់ពាន់មុខ អាចវិនិយោគបាន (Video)

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានប្រាប់អារ៉ាប់រួមថា កម្ពុជាមានធនធានធម្មជាតិអំណោយផលជាច្រើន និងកសិផលរាប់ពាន់មុខ អាចមកធ្វើការវិនិយោគ នៅកម្ពុជាបាន។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។

ក្នុងជនួបទ្វេភាគីជាមួយ លោក ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម នាពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា «កម្ពុជាមានធនធានធម្មជាតិអំណោយផលជាច្រើន មានកសិផលរាប់ពាន់មុខ និងមានវិស័យសក្តានុពលជាច្រើន ដែលកំពុងអភិវឌ្ឍ ដូចជា ៖ វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ, វិស័យវប្បធម៌តំបន់ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត, វិស័យដឹកជញ្ជូនមានព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់អគារ។ ដែលសហភាពអារ៉ាប់រួមអាច មកធ្វើការវិនិយោគនៅកម្ពុជាបាន” ។

លោកបន្ដថា កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយ ចិន និងកូរ៉េ ហើយក៏កំពុងបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសំខាន់ៗ រួមមាន ៖ ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី កាណាដា អង់គ្លេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងជំរុញការនាំចេញស្របតាមគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

នាឱកាសនោះ លោក ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី បានលើឡើងអំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍របស់សហភាពអារ៉ាប់រួម ព្រមទាំង បានស្នើឲ្យភាគីកម្ពុជាជួយផ្តល់ព័ត៌មានអំពីសក្ដានុពលវិនិយោគនៅកម្ពុជា និងសិក្សាបន្ថែមអំពីលទ្ធភាពវិនិយោគរួមគ្នានាពេលអនាគត។

លោកក៏ចង់ឲ្យមានក្រុមការងារមួយ ដើម្បីសិក្សា និងពិនិត្យលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ ដូចដែលសហភាពអារ៉ាប់រួមបានធ្វើជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានមួយចំនួនកន្លងមក ក្នុងគោលបំណងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត៕

To Top