ព័ត៌មានជាតិ

អគ្គនាយិកា ហឬទ័យគ្រឿងអលង្ការ ធ្វើទានដោយចែករំលែក​ គ្រឿងឧបភោគបរិភោគ ដល់ជនទីទាល់ក្រ

ភ្នំពេញ៖ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានបញ្ចប់រួចរាល់ភ្លាម លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកស្រី នុន ចាន់ពិសី អគ្គនាយិកា ហាងលក់គ្រឿងអលង្ការ ហឬទ័យ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំនូវគ្រឿងឧបភោគបរិភោគ នឹងបានចែកជូន ដល់ពលរដ្ឋក្រីក្រមួយចំនួន មកពីសង្កាត់ទួលសង្កែ២ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។

ការចែកអំណោយ នូវគ្រឿងឧបភោភបរិភោគ ដល់ជនទីទាល់ក្រ មកពីសង្កាត់ទួលសង្កែ២នេះ ធ្វើឡើងនៅគេហដ្ឋានរបស់ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ ផ្ទាល់ ស្ថិតក្នុងបុរីភ្នំពេញថ្មី សង្កាត់ទួលសង្កែ២ ខណ្ឌទួលគោក​​ រាជធានីភ្នំពេញ ក្រោមវត្តមាន លោកចៅសង្កាត់ទួលសង្កែ២ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ បានលើកឡើងថា ដោយសារតែ ភរិយា និងក្រុមគ្រួសារទាំងមូលរបស់លោក ចង់ធ្វើបុណ្យធ្វើទាន ជាមួយអ្នកខ្វះខាត ដូច្នេះហើយទើបបានជាថ្ងៃនេះ បាននាំមកនូវគ្រឿងឧបភោគបរិភោគ មកចែកជូនដល់បងប្អូន ប្រជាលពលរដ្ឋដែលខ្វះខាត បើទោះបីជាអំណោយនាពេលនេះ នៅមានកម្រិតនៅឡើយ តែលោកសង្ឃឹមថា អាចជួយសម្រួលដល់ជីវភាពអ្នកទាំងអស់គ្នា ហើយនិងមានការផ្តល់ជូនបែបនេះ ជាបន្តបន្ទាប់នៅថ្ងៃខាងមុខទៀត ។

ជាមួយគ្នានោះ លោកចៅសង្កាត់ បានលើកឡើងថា បើទោះបីអំណោយតិចតួចស្តួចស្តើងក៏ដោយ ក៏យើងអាចដោះស្រាយបានមួយគ្រាដែរ ដូច្នេះហើយសម្រាប់បងប្អូន ដែលបានមកទទួលនាពេលនេះ ត្រូវតែចងចាំ និងដឹងគុណចំពោះអ្នកចែកទាន ។ ចំពោះអំណោយទាំងអស់នេះ សម្រាប់អ្នកមានហើយ​ គេមើលមិនឃើញទេ ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាតនៅទីនេះ គឺពិតជាមានអត្ថន័យខ្លាំងណាស់ ។

ក្នុងនោះដែរ អ្នកមីង ងួន ណែត បន្ទាប់ពីទទួលបានអំណោយ ពីលោកឧកញ៉ា សូវ សច្ចៈសម្បត្តិ និងលោកស្រីហើយនោះ បានសម្តែងនៅអារម្មណ៍សប្បាយរីករាយ រួមទាំងក្តីនឹករលឹកអរគុណ ដល់លោកឧកញ៉ា និងលោកស្រី ដែលបានផ្តល់ ជាអំណោយដល់ខ្លួននាពេលនេះ នឹងបានឲ្យដឹងថា “ខ្ញុំសប្បាយចិត្ត គាត់ធ្វើទានបែបនេះ ខ្ញុំសប្បាយ ព្រោះអីយើងជាអ្នកអត់ មិនថាតិចមិនថាច្រើន គឺជាសទ្ធារបស់គាត់”៕

To Top