ព័ត៌មានជាតិ

ចម្លាក់ព្រះហិណ្ឌូ ក្រឺស្ណរៈគោវ៌ធន និងវត្ថុបូរាណ ដទៃទៀតរបស់កម្ពុជា នឹងដាក់បង្ហាញនៅសារមន្ទីរជាតិសិល្បៈអាស៊ាន Smithsonian

ភ្នំពេញ ៖ ក្រោយលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាយូរលើការអភិរក្សវប្បធម៌រវាងសហរដ្ឋអាមេរិក និងកម្ពុជារួចមក រូបចម្លាក់ព្រះហិណ្ឌូ ក្រឺស្ណរៈគោវ៌ធន ដែលមានអាយុកាល ១៥០០ ឆ្នាំ និងវត្ថុបូរាណដទៃទៀតរបស់កម្ពុជា នឹងត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរជាតិសិល្បៈអាស៊ាន Smithsonian ក្នុងទីក្រុង Washington ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១៨ ខែកញ្ញា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី២៩ មេសា បានឲ្យដឹងថា ពិព័រណ៌នេះ មានឈ្មោះថា «បង្ហាញព្រះក្រឹស្ណរៈគោវ៌ធន៖ ដំណើរទៅកាន់ភ្នំដ៏ពិសិដ្ឋនៅកម្ពុជា» នឹងបង្ហាញ រូបចម្លាក់ព្រះសាសនាហិណ្ឌូ ដើម្បីការពារប្រជារាស្រ្តព្រះអង្គពីព្យុះភ្លៀងដែលបង្កើតឲ្យមានឡើងដោយព្រះមួយដែលមានការខឹងសម្បា។ កន្លងមក ពិព័រណ៌នេះត្រូវបានរៀបចំធ្វើនៅសាមន្ទីរសិល្បៈ Cleveland Museum of Arts។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោកW. Patrick Murphy បានលើកទឹកចិត្តឲ្យសាធារណជនទស្សនាពិព័រណ៌ពិសេសនេះ នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅក្នុងហ្វេសប៊ុក របស់ស្ថានទូត។

លោកមានប្រសាសន៍ថា «ខ្ញុំមានមោទកភាពចំពោះការខិតខំ និងកិច្ចសហប្រតិបត្តិការអស់រយៈពេលដ៏យូរមករបស់យើង ក្នុងការអភិរក្ស ជួសជុល និងបង្ហាញឲ្យឃើញពីបេតិកភណ្ឌដ៏អស្ចារ្យ របស់ប្រទេសកម្ពុជានៅទូទាំងសាកលលោក» ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០១ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ ដល់កម្ពុជា សម្រាប់ការងារអភិរក្សវប្បធម៌ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងថវិកាជំនួយឥតសំណងដទៃទៀត៕

To Top