ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរអាជ្ញាធរ រៀបចំសន្តិសុខសណ្តាប់ធ្នាប់ បានល្អ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានសម្តែង ការកោតសរសើរ ដល់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ គ្រប់ថ្នាក់ ដែលបានខិតខំរួមគ្នា ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលកន្លងទៅបានល្អប្រសើរ ដែលទាក់ទាញប្រជាពលរដ្ឋ មកលេងកម្សាន្ត យ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ។

លោកប្រធានក្រុមប្រឹក្សា បានថ្លែងការកោតសរសើរដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី១១ ខែឧសភា ដោយមានការអញ្ជើញចូលរួមពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទំាងសមាជិកសមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ អភិបាលរងរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។

ក្នុងឱកាសនោះ លោក ម៉ប់ សារិន បានថ្លែងថា ក្រោមការដឹកនាំ របស់លោក ឃួង ស្រេង បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នៅរម្យណីយដ្ឋាន ប្រវត្តិសាស្រ្តវត្តភ្នំ ដោយមានប្រជាពលរដ្ឋ មកលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ រហូតដល់ជាង២២ម៉ឺននាក់ និងពុំមានបាតុភាព អ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។

បន្ថែមពីនេះទៀតលោកបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចាត់ចែង ក្នុងការចាក់វ៉ាក់សំាង ចាប់ពីដូសមូលដ្ឋានរហូតដល់ដូសជំរុញ ជូនប្រជាពលរដ្ឋនៅតាមទីវត្តអារាម ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឲ្យមានភាពស៊ាំ ក្នុងការការពារជំងឺកូវីដ ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំ មន្ទីរជំនាញចំណុះរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តខិតខំបំពេញ ការងារទៅតាមជំនាញរៀងៗ ខ្លួនល្អបន្ថែមទៀត ពិសេសបញ្ហាដូចជា ក្មេងទំនើង គ្រឿងញៀន សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមូលដ្ឋាន ដើម្បីធានាបានសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងឆ្ពោះទៅការបោះឆ្នោតក្រុម ប្រឹក្សាឃុំ-សង្កាត់ប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។

សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ មានការយកចិត្តទុកដាក់យ៉ាងខ្លំាង លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រោះជាតម្រូវការរួមរបស់ប្រជាពលរដ្ឋ ខណៈ ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ៕

To Top