ព័ត៌មានជាតិ

សូមបង្កើនការប្រយ័ត្ន! កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៥-៣១ ខែឧសភា ឆ្នាំ២០២២ តំបន់មួយចំនួន នៃប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងនៅថ្ងៃទី២៤ ឧសភានេះ បានឲ្យដឹងថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យម ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

ដោយឡែក តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា ៕

To Top