ព័ត៌មានជាតិ

មេសហជីព ៖ បើរដ្ឋមិនបង្កើត គោលនយោបាយ ដោះស្រាយឲ្យកម្មករ ករណីថៅកែរត់ចោល ជាការលើកទឹកចិត្ត កាន់តែខ្លាំង ដល់ថៅកែៗ ឲ្យគេចវេស

ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានលើកឡើង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះថា បើរដ្ឋមិនបង្កើត គោលនយោបាយ ឬយន្តការណាមួយ ដើម្បីដោះស្រាយ ឲ្យកម្មករនិយោជិត ក្នុងករណីថៅកែរត់ចោល រោងចក្រ ឬបិទទ្វារ ដោយមិនផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍តាមច្បាប់ទេនោះ ជាការលើកទឹកចិត្តកាន់តែខ្លាំងដល់ថៅកែៗ ឲ្យបន្តការគេចវេសពីការទទួលខុសត្រូវ ក្នុងការទូទាត់ប្រាក់ឈ្នួល និងផលប្រយោជន៍ផ្សេងៗដល់កម្មករ ។

លោកបន្តថា រីឯកម្មករនិយោជិត រឹតតែបន្តការកេងប្រវ័ញ្ចកម្លាំង ញើសឈាមពីសំណាក់ថៅកែៗឥតឈប់ឈរ ហើយទិដ្ឋភាព នៃសម្រែកតវ៉ា តាមដងផ្លូវ ហាលភ្លៀងហាលខ្យល់ ការដេកយាមក្នុងរោងចក្រ ដោយប្រថុយប្រថាន ដើម្បីការពារសម្ភារៈកាកសំណល់ ដែលនៅសេសសល់តិចតួច ព្រោះជាស្បៀងចុងក្រោយ បង្អស់របស់ពួកគាត់ ។

ផ្ទាំងពាណិជ្ជកម្ម

លោកថា ដូច្នេះហើយ បើរដ្ឋមិនបង្កើតគោលនយោបាយ ឬយន្តការណាមួយដើម្បីដោះស្រាយករណីនេះទេ នឹងធ្វើឲ្យកម្មករ កាន់តែរងនៅការកេងប្រវ័ញ្ច ភាពអយុត្តិធម៌ និងភាពឈឺចាប់ ។

ការលើកឡើងរបស់លោក ប៉ាវ ស៊ីណានេះ បន្ទាប់ពីកម្មកររោងចក្រ ឃែនធើរេន បានលើកគ្នាស្នើសុំកិច្ចអន្តរាគមន៍ ពីស្ថានទូតសហរដ្ឋមេរិកប្រចាំកម្ពុជា ករីណថៅកែរោងចក្រនេះ បិទទ្វារអស់រយៈពេលជាច្រើនថ្ងៃ ដោយមិនបានទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្លូវច្បាប់ជូនពួកគាត់ ៕

To Top