ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា នៅរដ្ឋធានីញូវដេល្លី

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ចាប់ពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេល្លី ប្រទេសឥណ្ឌា ។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោកបណ្ឌិត ចៃហ្សានកា នឹងផ្លាស់ប្តូរទស្សនៈលើ កិច្ច​សហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងពិភាក្សាអំពីវិធីសាស្រ្ត និងមធ្យោបាយនានា ​ដើម្បីជំរុញទំនាក់ទំនងកិច្ចសន្ទនា និងកិច្ច​សហ​ប្រតិ​បត្តិការ អាស៊ាន-ឥណ្ឌាបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហា ទាក់ទងនឹង​ការស្តារ​​សេដ្ឋកិច្ច​ពិភពលោកឡើងវិញក្រោយកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀត។​ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវបានលើកយកមកពិភាក្សា ផងដែរ។ កិច្ចប្រជុំនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងបន្ថែមទៀត​នូវ ភាពជា​ដៃគូ​រវាង​អាស៊ាន-ឥណ្ឌា សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុង និងក្រៅតំបន់៕

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងនាមជាភ្ញៀវពិសេសនៃ កិច្ចសន្ទនាទីក្រុងញូវដេល្លីលើកទី១២ (Delhi Dialogue XII) ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែល​វិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) សហការរៀបចំជាមួយក្រសួង​​ការបរទេស ឥណ្ឌា។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវដេល្លី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួមជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួប​សម្តែង ​ការ​គួរ​​សមចំពោះ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា ផងដែរ ៕

To Top