ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរ ចំពោះបញ្ជាការដ្ឋាន ទ័ពពិសេស (Video)

ភ្នំពេញ: លោក ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កោតសរសើរ ចំពោះបញ្ជាការដ្ឋានទ័ពពិសេស ។

ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញ ប្រឆាំងភេរវកម្មជំនាន់ទី៥ និងវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញបច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញបើក -ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦ របស់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោក សូមថ្លែងនូវការកោតសរសើរ ចំពោះបញ្ជាការដ្ឋាន ទ័ពពិសេស ដែលតែងបានយកចិត្តទុកដាក់ អនុវត្តការងារហ្វឹកហ្វឺន ប្រកបដោយសា្មរតី ទទួលខុសត្រូវខ្ពស់ ដោយរក្សាបាននូវប្រសិទ្ធភាព ជាប់ជាប្រចាំ និងយ៉ាងទៀងទាត់ ស្របតាមទិសដៅ និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំនីមួយៗ របស់អង្គភាព ព្រមទាំងផែនការហ្វឹកហ្វឺន របស់កងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ ។

លោក បន្តថា ជាក់ស្តែង ក្នុងថ្ងៃនេះ អង្គភាពបានបើកដំណើរ ការវគ្គហ្វឹកហ្វឺនចំនួន ០២ វគ្គ ដែលរួមមាន ៖ (i) វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញប្រឆាំងភេរវកម្ម ជំនាន់ទី៥ និង (ii) វគ្គហ្វឹកហ្វឺនបំប៉នជំនាញ បច្ចេកទេស សង្គ្រោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញបើក -ជួសជុលអូប័រ និងរបៀបសង្គ្រោះជំនាន់ទី៦។

លោកឧត្តមសេនីយ៍ បន្ថែមថា ប្រតិបត្តិការប្រឆាំងភេរវកម្ម គឺជាប្រភេទមួយ នៃប្រតិបត្តិការពិសេស ពាក់ព័ន្ធទាំងផ្នែកការទូត ច្បាប់ និងយុទ្ធវិធី ដែលទាមទារឱ្យមានការសម្របសម្រួល ដឹកនាំបញ្ជា តាមឋានានុក្រម និង រចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ ។ ជាពិសេសការហ្វឹកហ្វឺន កម្លាំងប្រតិបត្តិករជំនាញ និងការបន្តការថែទាំសមត្ថភាព របស់ពួកគេ ត្រូវធ្វើឡើងដោយតឹងរ៉ឹងម៉ឺងម៉ាត់ ដោយរួមជាមួយនឹង ការបំពាក់ឧបករណ៍ សម្ភារឱ្យបានគ្រប់គ្រាន់ផងដែរ ។ ក្នុងន័យនេះ ការបើកវគ្គហ្វឹកហ្វឺន ក្នុងថ្ងៃនេះ គឺជាផ្នែកមួយ នៃការកសាង សមត្ថភាពរបស់បណ្តាយោធភូមិភាគ និងកងពលធំចំណុះកងទ័ពជើងគោក ក្នុងនាមជាកម្លាំងខ្សែត្រៀមទី១ នៅតាមមូលដ្ឋានបំពេញ បន្ថែមឱ្យកងកម្លាំងប្រឆាំង ភេរវកម្មថ្នាក់ជាតិ ស្របទៅនឹងការរៀបចំ កែសម្រួលរចនាសម្ព័ន្ធថ្មី និងការប្រគល់ភារកិច្ចបំពេញ បន្ថែមពាក់ព័ន្ធនឹង កិច្ចការប្រឆាំងភេរវកម្ម ដែលជាកិច្ចការសំខាន់ចាំបាច់ ចំពោះមុខរបស់កម្ពុជា ខណៈដែលអំពើភេរវកម្ម នៅតែជាបញ្ហាប្រឈមផ្នែក សន្តិសុខដ៏ស្រួចស្រាល់ ទាំងនៅក្នុងតំបន់ និងពិភពលោក នៅឡើយ។

លោកមេបញ្ជាការ កងទ័ពជើងគោក រំលេចផងដែរថា ក្រៅពីភារកិច្ចស្នូលលើការងារត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ កងទ័ពក៏មានតួនាទីសំខាន់ ក្នុងបេសកម្មសង្គ្រោះគ្រោះមហន្តរាយ ដូចជាគ្រោះទឹកជំនន់ និងការបាក់រលំអគារ ជាដើម។ ដូច្នេះ ការហ្វឹកហ្វឺនជំនាញបច្ចេកទេសសង្គ្រោះគ្រោះមហន្តរាយ និងជំនាញបើក-ជួសជុលអូប័រ និង របៀបសង្គ្រោះ ក៏មានសារៈសំខាន់ផងដែរ ដើម្បីបណ្តុះបណ្តាលបំប៉ន ឱ្យយោធិនជាសិក្ខាកាម មានជំនាញច្បាស់លាស់ លើផ្នែកបច្ចេកទេស និងស្តង់ដារប្រតិបត្តិការ ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការបំពេញភារកិច្ច អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល នៅពេលមានគ្រោះ មហន្តរាយកើតឡើង។

មិនតែប៉ុណ្ណោះ លោក សូមថ្លែងអំណរគុណ ចំពោះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចជាកាល ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រ ផ្នែកការងារធានា ដើម្បីបង្កលក្ខណៈដល់ការអនុវត្ត ភារកិច្ចហ្វឹកហ្វឺន របស់បញ្ជាការដ្ឋានទ័ពពិសេស និងសូមវាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួមចំណែក ឧបត្ថម្ភទាំងផ្នែកស្មារតី ថវិកា និងសម្ភារ របស់បណ្តាប្រទេសជាមិត្ត, អង្គភាពជាដៃគូ និងក្រសួង-ស្ថាប័នសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរសជន ទាំងអស់ ដែលពិតជាបានជួយបង្កើន លទ្ធភាពរបស់អង្គភាព លើការសម្រួលដោះស្រាយតម្រូវការ ចាំបាច់ក្នុងការងារហ្វឹកហ្វឺន និងតម្រូវការ ប្រចាំថ្ងៃផ្សេងៗរបស់អង្គភាព។

លោក ម៉ាណែត សូមយកឱកាសនេះ សម្តែងនូវការអរគុណ ចំពោះយោធិន គ្រួសារយោធិន ដែលបានចូលរួមបំពេញ កាតព្វកិច្ចជាពលរដ្ឋល្អ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-ឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា កន្លងមក ដោយនេះគឺជាការបង្ហាញ ដល់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ក៏ដូចជាពិភពលោក ទាំងមូល ឱ្យបានឃើញច្បាស់អំពីការអនុវត្ត សិទ្ធសេរីភាពនយោបាយ យ៉ាងពេញលេញ ក្នុងនាមជាពលរដ្ឋម្ចាស់ប្រទេស និងដំណើរការប្រជាធិបតេយ្យ ប្រកបដោយភាពចាស់ទុំនៅកម្ពុជា៕

To Top