នយោបាយ

ប្រទេសធ្លាប់អុងអាត់លើខ្មែរ ប្រែជាសម្ងំពីក្រោយ និងកេងចំណេញ ក្នុងការប្រកួតប្រជែងរវាង ចិន-អាមេរិក

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ប្រទេសដែលធ្លាប់តែអុងអាត់លើខ្មែរ តែពេលនេះប្រែទៅជាសម្ងំនៅពីក្រោយ ហើយបាននឹងកំពុងកេញចំណេញ ពីការប្រកួតប្រជែង រវាងមហាអំណាចចិននិងសហរដ្ឋអាមេរិក នៅលើទឹកដីនៃប្រទេសកម្ពុជា ថែមទៀតផង។

ការលើកឡើងរបស់លោក សយ សុភាព បែបនេះធ្វើឡើង ស្របពេលដែលប្រទេសមហាអំណាច ដែលដឹកនាំដោយសហរដ្ឋអាមេរិក បាននឹងកំពុងបន្តបង្កើតនូវយុទ្ធសាស្រ្ត និងសម្ព័ន្ធភាពថ្មីៗ ជាបន្តបន្ទាប់ដើម្បីទប់ទល់ទៅនឹងឥទ្ធិពលចិន នៅក្នុងតំបន់និងពិភពលោក ហើយការប្រកួតប្រជែងនេះ ក៏បណ្ដាលឱ្យមានការប្រែប្រួលពី ស្ថានការណ៍នយោបាយ ក្នុងនោះប្រទេសកម្ពុជាផងដែរ តាមរយៈការប្ដូរកូនជឹងរបស់ខ្លួន ដែលមានប្រជាប្រិយភាព អាចតតាំងជាមួយអ្នកកាន់អំណាចបច្ចុប្បន្ន។

ជាក់ស្ដែងថ្មីៗនេះ ប្រទេសមហាអំណាច ដែលមាននិន្នាការប្រឆាំងចិន បានប្ដូរយុទ្ធសាស្រ្តតាមរយៈការជ្រើសយក ក្រុមលោក កឹម សុខា បោះបង់ក្រុមលោក សម រង្ស៊ី ក្នុងការដោះដូរជាមួយបក្សកាន់អំណាច ដើម្បីខ្លួនទប់ឥទ្ធិពលចិន នៅស្រុកខ្មែរ។

ជុំវិញការវិវត្តន៍នយោបាយថ្មីនេះ លោក សយ សុភាព បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា “នេះបណ្តាលមកពីការប្រជែងគ្នា ខាងភូមិសាស្ត្រនយោបាយ របស់មហាអំណាច។ ពួកគេមិនខ្វល់ ពីការបែកបាក់ទេ តែសំខាន់ផលប្រយោជន៏ របស់ក្រុមភ្នែក៥” ។

លោក សយ សុភាព បន្តថា ពួកគេសម្រេចបោះបង់កូនជឹង (ក្រុមសម រង្ស៊ី) ដោយទុកក្រុមលោក កឹម សុខា ដោះដូរជាមួយបក្សកាន់អំណាច ដើម្បីខ្លួនទប់ឥទ្ធិពលចិន នៅស្រុកខ្មែរ។

លោក សយ សុភាព សង្កត់ធ្ងន់ថា “តែបើយើងមើលឱ្យជ្រៅជាងបញ្ហា គឺពួកអនុត្តភាពឆ្លៀតកេងចំណេញ ពីការប្រកួតប្រជែងចិន អាមេរិក។ ពីមុនពួកនេះធ្លាប់អុងអាត់លើខ្មែរ ដល់ឥឡូវពួកគេទៅសម្ងំពីក្រោយ”។

លោកបន្ថែមថា អាមេរិកឬក្រុមពួកគេគ្មានបេះដូងទេ គិតតែពីផលប្រយោជន៏ ចង់អ្នកណាងាប់ អីងាប់ទៅ តែបើមើលពីក្រៅពួកនេះ ជាបិតាប្រជាធិបតេយ្យ។

លោក សយ សុភាព បញ្ជាក់ថា “បើផ្អែកលើភូមិសាស្ត្រនយោបាយ ក្រុមបក្សប្រឆាំងនៅស្រុកខ្មែរ គ្រាន់តែជាកូនកណ្តុរតូចមួយ សម្រាប់គ្រាន់ជានុយ តែប៉ុណ្ណោះ”។

លោកបន្ថែមថា ជាការពិតលោក កឹម សុខា ពិតជាអាចវិលត្រឡប់មក រកអាជីពជាអ្នកនយោបាយវិញ ហើយអាចបង្កើតបក្សថ្មីថែមទៀត។ តែអ្វីដែលនឹងត្រូវប្រឈមនោះ ក្រុម សម រង្ស៊ី នឹងតាមបំផ្លាញគ្រប់វិនាទី ដែលបើកឱកាសដ៏ល្អប្រពៃ សម្រាប់បក្សកាន់អំណាច បន្តកាន់អំណាច យ៉ាងស្រួល ដែលជាភព្វសំណាង សម្រាប់កម្ពុជា កសាងប្រទេសកាន់តែលឿន។

លោកថា អាចនិយាយបានថា ចិននិងអាមេរិក គាំទ្រឱ្យបក្សកាន់អំណាច ដឹកនាំប្រទេសដោយស្រួល ជាថ្នូរទៅនឹងអ្វីដែលពួកនេះ មានកំហុស ចំពោះកម្ពុជា គឺទម្លាក់គ្រាប់បែកគីមី និងបានបង្កើតឱ្យមាន របបប្រល័យពូជសាសន៏។មិនតែប៉ុណ្ណោះ អាមេរិកនិងចិន ត្រូវទប់ស្កាត់កុំឱ្យប្រទេសអនុត្តភាព មកជ្រៀតជ្រែកកម្ពុជា ដូចកាលពីអតីតកាល រាប់រយឆ្នាំ តាមរយៈពួកគេពិចារណា ចុះកិច្ចព្រមពៀងការពារកម្ពុជា។

ឆ្លៀតក្នុង ឱកាសនេះ លោក សយ សុភាព បញ្ជាក់ថា បើអាមេរិកផ្ទាល់តែម្តង មិនចង់រករឿងខ្មែរ តែមកពីអាមេរិកផ្គាប់ចិត្ត ប្រទេសក្បែរខាងកម្ពុជា រឿង តារាសាគរ កំពង់ផែរាម…។

To Top