ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ គម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា

កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហម ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នេះ បានដឹកនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីប្រតិបត្តិ យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុប ១៩៨ នាក់ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ព្រះវស្សា ដែលបានប្រព្រឹត្តទៅ នា សាលសន្និសីទ សាលាខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង គណៈកិត្តិយស គណៈ:កម្មាធិការ និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានសូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបង្គំ ទូលថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល គ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយសុខដុមរមនា ជារៀងដរាបតទៅ ។

បន្ទាប់មក ព្រះនាគសត្ថា ស៊ាង លាង ព្រះបាឡាត់គណខេត្ត និងព្រះមន្ត្រីសង្ឃ ៨អង្គ បានសូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទៅតាមទំនៀមទំលាប់ប្រពៃណីយសាសនាផងដែរ ៕

To Top