ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ កុំចាក់ឬលើកដីផ្ទះខ្ពស់ជាងផ្លូវ ព្រោះនាំឲ្យផ្លូវឆាប់ខូច ហើយក៏កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែងលក់ដូរបង្កឲ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

នាឱកាសអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) នាថ្ងៃទី២៣ មិថុនា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា «សូមសុំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ សុំកុំលើកដីផ្ទះខ្ពស់ជាងផ្លូវ ធ្វើឲ្យទឹកហូរលើផ្លូវនាំឲ្យផ្លូវឆាប់ខូច កុំយកផ្លូវធ្វើជាកន្លែងទីផ្សារ កន្លែង លក់ដូរ បង្កឲ្យមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ និងមិនត្រូវដឹកទំនិញលើសទម្ងន់ កម្រិតកំណត់ ដោយច្បាប់ជាដើម»។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមដល់ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ប្រុងប្រយ័ត្ន កុំដោយសារឃើញផ្លូវល្អ ហើយបើកបរលើសល្បឿនកំណត់ដោយមិនដឹងខ្លួន ត្រូវពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវ៉ាត់ ឲ្យបានត្រឹមត្រូវ ពេលបើកបររថយន្ត មិនត្រូវប្រើគ្រឿងស្រវឹង គ្រឿងញៀន និងមិនត្រូវប្រើទូរសព្ទ នៅពេលបើកបរ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោកបញ្ជាក់ថា «បច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យមនុស្ស ស្លាប់ចំនួន៥នាក់ របួសពី១០ទៅ១៥នាក់ក្នុងមួយថ្ងៃ ខាតបង់ថវិកាជាតិ និងថវិកាឯកជនប្រមាណពី៤០០ ទៅ ៤២០លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ»។

បន្ថែមពីលើនេះ ទេសរដ្ឋមន្ត្រី ក៏អំពាវនាវឲ្យអ្នកប្រើប្រាស់ ផ្លូវទាំងអស់គោរពច្បាប់ និងច្បាប់ផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាទ្រព្យសម្បត្តិជាតិ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបន្សល់ទុកកុមារកំព្រា ស្ត្រីមេម៉ាយ ធ្វើឲ្យមានការលំបាក ដល់យុទ្ធនាការកម្មវិធី របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ថា គម្រោងធ្វើឲ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ គ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Katahira & Engineer International Joint Venture with Oriental Consultant Global ។ គិតរហូតមកទល់ពេលនេះ សម្រេចបាន៨០%ហើយ និងបញ្ចប់ នៅចុងឆ្នាំ២០២៣៕
