ព័ត៌មានជាតិ

បុរសចិនតៃវ៉ាន់ ៦នាក់ និងស្ត្រីវៀតណាមម្នាក់ ត្រូវផ្តន្ទាទោសដាក់គុក ម្នាក់ៗពី ២ឆ្នាំកន្លះទៅ២៧ឆ្នាំ ពាក់ព័ន្ធនឹងការជួញដូរ គ្រឿងញៀន និងការធ្វើចរាចរណ៍អាវុធជាតិផ្ទុះ និងគ្រាប់រំសេវ

ភ្នំពេញ៖ បុរសជាប់ចោទចិនតៃវ៉ាន់ ចំនួន៦ នាក់ និង ស្ត្រីវៀតណាមម្នាក់ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម និង ផ្តន្ទាទោស ដាក់ក្នុងពន្ធនាគារ ក្នុងម្នាក់ៗ រយៈពេលពី ២ ឆ្នាំ ៦ខែ រហូតដល់ ២៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ការរក្សាទុក ដឹកជញ្ជូន ឬជួញដោយខុសច្បាប់នូវសារធាតុញៀន និង ការធ្វើចរាចរណ៍អាវុធជាតិផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២១ ។

លោក ធាម ច័ន្ទពិសិដ្ឋិ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនជាប់ចោទ៨នាក់មានឈ្មោះ ៖ ទី ១- ឈ្មោះ LIN PO-I ភេទប្រុស អាយុ ៣៣ ឆ្នាំ ។ ទី ២.ឈ្មោះ CHUANG HUNG TAI ភេទប្រុស អាយុ ៣៦ ឆ្នាំ។ អ្នកទាំង២នាក់នេះ ដែលមេខ្លោងជួញដូរគ្រឿងញៀន ត្រូវជាប់គុក ២៧ ឆ្នាំ ក្នុងម្នាក់ៗ។ ទី ៣-ឈ្មោះ WU CHING YUAN ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវជាប់ពន្ធនាគារ រយៈពេល ៣ ឆ្នាំ។ ទី ៤.ឈ្មោះ CHAO WEN CHUNG ភេទប្រុស អាយុ ៤១ ឆ្នាំ ។ ទី ៥.ឈ្មោះ LI RUI TENG ភេទប្រុស ។ ទី ៦.ឈ្មោះ ZHANG BO HAN ភេទប្រុស ។ ទី ៧.ឈ្មោះ CHING KHAN HAO ភេទប្រុស និង ទី ៨.ឈ្មោះ TRUONG QUYNH NUT ភេទស្ត្រី ជនជាតិវៀតណាម , អ្នកទាំង៥នាក់នេះ ត្រូវជាប់គុក ក្នុងម្នាក់ៗ កំណត់ ២ ឆ្នាំ និង ៦ ខែ ក្នុងម្នាក់ៗ។

លោកចៅក្រមធាម ច័ន្ទពិសិដ្ឋ បានថ្លែងបន្តថា ជនជាប់ចោទទាំង៨ នាក់ ត្រូវបានជាប់ចោទពីបទ ” រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និង បទផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងនិងគ្រាប់រំសេវគ្រប់ប្រភេទ ” តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជា។

ពួកគេ ត្រូវបានសមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ខ្លួន កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២១ នៅទីតាំងចំនួន ២ កន្លែង ស្ថិតនៅក្នុង ខណ្ឌដូនពេញ និង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល បានរឹបអូសបានវត្ថុតាង រួមមាន៖ គ្រឿងញៀនប្រភេទកេតាមី ចំនួន ៨១៤.៨១ ក្រាម, ថ្នាំគ្រាប់ព័ណស្វាយ ប្រភេទអិចស្តាស៊ី (MDMA)ទម្ងន់ ១៨.៧១ក្រាម។ រថយន្តម៉ា TOYOTA TUNTRA ព័ណស ស្លាកលេខភ្នំពេញ 2BA-0538 ចំនួន ១ គ្រឿង , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១ គ្រឿង, បង់កាំភ្លើង AK៤៧ ចំនួន៤បង់, ស្រោមកាំភ្លើងA K៤៧ ចំនួន១០ , ស្រោមកាំភ្លើងខ្លី ចំនួន៣ , អាវុធវែងម៉ាកAK ៤៧ ចំនួន១ដើម , អាវុធវែងម៉ាកាលីឌូ ចំនួន ១ដើម, អាវុធខ្លីម៉ាក G.LOCK ចំនួន ១ដើម,អាវុធខ្លីម៉ាក SIG.SUAER ចំនួន២ ដើម, គ្រាប់កាំភ្លើង AK.៤៧ ចំនួន ៤៩០ គ្រាប់, គ្រាប់កាំភ្លើងខ្លី ចំនួន ២៩២ គ្រាប់, គ្រាប់កាំភ្លើងកាលីឌូ ចំនួន ២៥ គ្រាប់, បង់វែង៥ ចំនួន ១៤, បង់ខ្លី៩ ចំនួន១៥, ចំពាមកៅស៊ូ ១គូ, និង ប្រអប់កាំភ្លើង ចំនួន ៥ប្រអប់៕

ដោយ: លីហ្សា

To Top