មន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងអ្នកធ្វើការក្នុងវិស័យ ទេស ចរណ៍នៅកម្ពុជា បានរំពឹងថា ការបើក«ជើងហោះហើរ» ដោយត្រង់រវាងកម្ពុជា និងចិនឡើងវិញ នឹងជំរុញកំណើន ភ្ញៀវ ទេសចរ ព្រមទាំងអ្នកវិនិយោគ ឱ្យមកកម្ពុជាកាន់តែច្រើន បន្ទាប់ពីមានការ កាត់បន្ថយអស់មួយ រយៈដោយសារតែការ វាយលុកពីជំងឺកូវីដ-១៩ នៅលើសកលលោក ។
ការផ្តល់ក្តីរំពឹងបែបវិជ្ជមាននេះ ក្រោយពីមានការប្តេជ្ញាចិត្ត រវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃប្រទេសកម្ពុជា និង លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តី ក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៣ ខែកក្កដាថ្មីៗនេះ ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់វិទ្យុមិត្តភាព កម្ពុជាចិនថា ការឯកភាពគ្នា របស់ប្រមុខការទូតកម្ពុជាចិន ក្នុងការបង្កើនជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរឡើងវិញ ជាសញ្ញាល្អមួយ សម្រាប់វិស័យទេសចរណ៍ និង កំណើនសេដ្ឋកិច្ចកម្ពុជា។
លោកស្រីបញ្ជាក់ថា កន្លងមកភ្ញៀវទេសចរចិន មានការជួបលំបាក ក្នុងការធ្វើដំណើរទៅវិញ ទៅមកដោយសារតែ សំបុត្រយន្តហោះថ្លៃ និងពិបាកកក់ សំបុត្រ ថែមទៀតផង ព្រោះតែជើងហោះហើរ រវាងប្រទេសទាំងពីរ មានចំនួនតិច និងមានលក្ខខណ្ឌតឹងរឹង សម្រាប់អ្នកធ្វើ ដំណើរចូលប្រទេសចិន។
សំឡេង៖ «ភ្ញៀវទេសចរខ្វះមធ្យោបាយធ្វើដំណើរ ធ្វើឱ្យសំបុត្រយន្តហោះក៏ឡើងថ្លៃ ហើយមិនត្រឹមតែថ្លៃទេ ពិបាកក្នុងការកក់ទៅទៀត ។ ដូច្នេះ បើយើងមានជើងហោះហើរឱ្យកាន់តែសម្បូរបែបបន្តិចទៅ គឺជំរុញឱ្យលំហូរភ្ញៀវទេសចរ ក៏ដូចជាការធ្វើដំណើរ របស់ធុរៈកិច្ចផ្សេងៗកាន់តែច្រើន ហើយអាចជំរុញកំណើនសេដ្ឋកិច្ច ឱ្យកើនជាងមុនផងដែរ» ។
លោកស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ប្រទេសកម្ពុជាមិន ដែលបិទជើងហោះហើរទេ ហើយកម្ពុជា ក៏ជាប្រទេសទី១នៅអាស៊ានដែលបានបើកចំហ ក្នុងការទទួល អ្នកដំណើរ តាមផ្លូវអាកាស ព្រមទាំងបានកាត់បន្ថយ ការធ្វើចត្តាឡីស័ក របស់ភ្ញៀវពេលមកដល់កម្ពុជា ដើម្បីបង្កភាពងាយស្រួល ដល់ធ្វើដំណើរ តាមផ្លូវអាកាសនេះ ។
កន្លងមកនេះប្រទេសចិន បានដាក់វិធានការរឹតបណ្តឹង ការធ្វើដំណើរ និងកាត់បន្ថយជើងហោះហើរ របស់នៅតំបន់មួយចំនួន នៃប្រទេសចិនយ៉ាងតឹងតែង ហើយសម្រាប់ការហោះហើរត្រង់ ពីកម្ពុជាទៅចិន និងពីចិនមកកម្ពុជាក្នុងបរិបទកូវីដ-១០ យើងធ្លាប់មានការហោះហើរមួយជើងមក និងមួយជើងទៅក្នុង មួយសប្តាហ៍។ក្រោយមកទៀតបានពីរជើង ក្នុងមួយសប្តាហ៍ បានន័យថា ចេញពីកម្ពុជាពីរជើង និងមកពីចិនវិញពីរជើង ។
លោកបញ្ជាក់ថានៅដើមខែកក្កដានេះ ភាគីកម្ពុជានិងចិន បានឯកភាពគ្នា បើកឱ្យមានការហោះហើរ ពីកម្ពុជាទៅចិន និងពីចិនមកកម្ពុជាវិញ រហូតដល់បីជើងទៅ និងបីជើងមក ក្នុងមួយសប្តាហ៍ ។ ហើយប្រសិន បើស្ថានភាពកូវីដ-១៩ នៅប្រទេសចិន មានលក្ខណៈធូរ ស្រាលអាចគ្រប់គ្រង បានភាគីចិន នឹងបង្កើនជើងហោះហើរ ជាបណ្តើរៗថែមទៀត ។
លោកអ្នកនាំពាក្យជឿជាក់ថា ពេលភាគីចិនបានបង្កើនជើងហោះហើរ ឱ្យកាន់តែច្រើន ព្រមទាំងកាត់បន្ថយការធ្វើចត្តាឡីស័ក សម្រាប់អ្នកធ្វើដំណើរ ឱ្យមករយៈពេលខ្លីនឹងធ្វើឱ្យវិស័យ ដឹកជញ្ជូនតាមផ្លូវអាកាសរវាង កម្ពុជាចិននឹងកើនឡើង ជាពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគ។
សំឡេង៖«ទំនាក់ទំនង ផ្នែកវិនិយោគ សេដ្ឋកិច្ចរដ្ឋាបាល ជាពិសេសភ្ញៀវទេសចរ នឹងមានភាពល្អប្រសើរឡើងវិញ ពេលដែលយើងបានបើក ទូលាយនូវការទទួលភ្ញៀវទេសចរ តាមផ្លូវអាកាសនេះ ។ សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់ ។ ការបង្កើនជើងហោះហើរនេះ គឺជាសញ្ញាណឈាន ទៅ រកភាពល្អប្រសើរច្រើន»។
បើតាមការព្យាករណ៍ របស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងអង្គការទេសចរណ៍ អន្តរជាតិ បានឱ្យដឹងថា នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ចំនួនភ្ញៀវ ដែលធ្វើដំណើរតាមផ្លូវអាកាស នឹងមានការកើនឡើងប្រហាក់ប្រហែល ទៅនឹងកាលពីឆ្នាំ២០១៩ គ្រាដែលមិនទាន់មានការផ្ទុះកូវីដ-១៩ នៅលើពិភពលោក ។
គួរបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងចិន ត្រូវបានភាគីទាំងពីរចាត់ទុកថា មិត្តដែកថែប ហើយចិន ជាប្រទេសឈរនៅលំដាប់ទី១ លើវិស័យជាច្រើន ដូចជា ការវិនិយោគ ទំហំពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍ជាដើម ។ ជាក់ស្តែងក្នុងពេល ដែលវិបត្តិកូវីដ-១៩ ចិនក្លាយជាប្រទេស ដំបូងគេ ដែលបានផ្តល់ ជំនួយវ៉ាក់សាំង និងសម្ភារៈបរិក្ខាពេទ្យទាន់ពេលវេលា តាមតម្រូវការ របស់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតនេះ រហូតដល់កម្ពុជា អាចគ្រប់គ្រងកូវីដ-១៩ ជោគជ័យ និងបើកដំណើរការប្រទេស លើគ្រប់វិស័យឡើងវិញ ៕
(អត្ថបទវិទ្យុ មិត្តភាពកម្ពុជាចិន)