ព័ត៌មានជាតិ

ជម្រះបណ្តឹង ឧទ្ធរណ៍ជនជាប់ចោទ ៣នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ដាក់គុក ពី២៣ ទៅ៣០ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ការដឹកជញ្ជូនជិត៥០ គីឡូក្រាម

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ចំនួន ៣ នាក់ ដែល តុលាការថ្នាក់ក្រោមកាត់ទោស ដាក់ពន្ធនាគារម្នាក់ៗ ២៣ ឆ្នាំ ទៅ ៣០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រក្សាទុក ជួញដូរគ្រឿងញៀន ជិត ៥០ គីឡូក្រាម ប្រព្រឹត្ត នៅ ៤ចំណុចផ្សេងគ្នា នៅរាជធានីភំ្នពេញកាលពីអំឡុង ឆ្នាំ ២០២១។

លោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ ៣នាក់ មានឈ្មោះ ៖ ទី១-ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។ទី២-ឈ្មោះ សុខ ពន្លក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ។ទី៣- ឈ្មោះ អ៊ុ សួស្តី ភេទប្រុស អាយុ ៣៩ ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ២៣ ខែ មីនា ឆ្នាំ២០២២ កាត់ទោស ទី ១-ឈ្មោះ សាន ពិសិដ្ឋ ដាក់ពន្ធនាគាកំណត់ ២៣ឆ្នាំ និង ពិន័យ ៤០លានរៀល ។ និង ទី២- ឈ្មោះ សុខ ពន្លក ដាក់ពន្ធនាគាកំណត់ ២៥ ឆ្នាំ និង ពិន័យ ៤០ លានរៀល ។ និង ទី៣-ឈ្មោះ អ៊ុ សួស្តី ដាក់ពន្ធនាគារ ៣០ឆ្នាំ និង ពិន័យ ៨០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ: “រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេបានប្តឹងឧទ្ធរណ៍ ។

ផ្ទាំងពាណិជ្ជកម្ម

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២១ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ៣០ កញ្ចប់ធំ ទម្ងន់ ៣០ គីឡូ, គ្រឿងញៀនប្រភេទកេតាមីន(Ketamine) ២០ កញ្ចប់ធំ ទម្ងន់ ១៩ គីឡូ ៩៤៦,៦៦ក្រាម, សរុបជិត៥០ គីឡូក្រាម ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទ ២១ ខែ កក្កដា ឆ្នាំ ២០២២៕

ដោយ: លីហ្សា

To Top